ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសេចក្តីសោមនស្ស និងមោទនភាពក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុង «វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីអាស៊ាន (AWEN) ឆ្នាំ ២០២៤» ដែលជានិមិត្តរូបនៃការទទួលស្គាល់សហគ្រិនស្រ្តី ទាំងនៅកម្ពុជា និងនៅទូទាំងសហគមន៍ អាស៊ានដ៏រស់រវើករបស់យើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ, ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ។ការបីបាច់ថែរក្សារបស់ស្ត្រី ផ្ដល់ឱ្យមានតុល្យភាព, ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការ សម្រេចចិត្តដ៏ត្រឹមត្រូវ, ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា ។…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម

FB Page Samdech Hun Sen Of Cambodia៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ដោយសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់ ឯកឧត្តម លី ឈូលវ៉ូ អភិបាលខេត្ត និងគណៈប្រតិភូនៃខេត្តឃ្យុងសាងប៊ុកដូ ក្នុងឱកាសនេះ។ សម្តេចតេជោ បានមានប្រសាសន៍​ថា ខេត្តឃ្យុងសាងប៊ុកដូ និងខេត្តសៀមរាប បានសហការគ្នារៀបចំព្រឹត្តិការណ៍ពិព័រណ៍ អង្គរ-ឃ្យុងយូ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល១៨ឆ្នាំទៅហើយនោះ គឺជាការជំរុញឱ្យឃើញជាក់ស្តែងនូវលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្តនៃការភ្ជាប់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការការទូតកម្ពុជា-កូរ៉េ នាពេលនោះ ដែលបន្តរីកចម្រើនយ៉ាងខ្លាំងមកដល់ទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រ និង​ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ…

សម្ដេចតេជោ ហ៊ុន សែន ចូលខមិ្មន (Comment) ពន្យល់ក្នុងគណនីឈ្មោះ “Chhoem Sakada” ដែលបានផូស្តពីក្ដីបារម្ភចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

សម្ដេចតេជោ ហ៊ុន សែន៖ «ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូនយល់។ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាតិ។ ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ។ កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុុខ។ បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។ ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមុិញនេះ (26/7/2024) ពុកបានចរចាជាមួយថ្នាក់ដឹកនាំវៀត ណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី ២៥០មេហ្រ្គាវ៉ាត់ដល់ ៤០០មេហ្រ្គាវ៉ាត់។ ភាគីវៀតណាមបានយល់ព្រម។ យើងផលិតភ្លើងមិនទាន់គ្រប់ ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់បានតាមកិច្ចសន្យា។ ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាង ពិសេសតំបន់ភូមិភាគឥសាន្តដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សា។ ក្នុង ២៥ឆ្នាំកន្លងមក តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេ? គឺអត់ទេ។ តែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវវៀតណាមថែមទៀតផង។ ពុកទទួលយកការកង្វល់ និងការព្រួយបារម្មណ៍របស់កូននិងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង»៕