សុន្ទរកថានិងសេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុង “ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣”។ ជាដំបូង ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលមន្រ្តីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាពេលកន្លងមក ដូចដែល ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានឡើងរាយការណ៍មុននេះ។ ជាក់ស្តែង ទោះបីពិភពលោកបានជួបប្រទះវិបត្តិនៃការឆ្លងរីក-រាលដាលជំងឺកូវីដ-១៩ និងឥទ្ធិពលអវិជ្ជមាននៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយដែលបណ្តាលមកពីសង្គ្រាមរុស្សី-អ៊ុយក្រែន ប៉ុន្តែភាពរឹងមាំនៃកសិកម្មកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសបញ្ជៀសបានទាំងស្រុងនូវវិបត្តិស្បៀងអាហារ និង អតិផរណានៃតម្លៃស្បៀង។ ក្នុងស្មារតីបុរេសកម្ម គួបផ្សំជាមួយនឹង វិធានការជាក់ស្តែងនានាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ មួយចំនួនសំដៅគាំទ្រសេដ្ឋកិច្ចឱ្យចាកចេញពីកំណើនអវិជ្ជមានក្នុងរយៈពេលដ៏ខ្លី ដោយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ យ៉ាងឆាប់ជាមួយនឹងកំណើន ៣% នៅឆ្នាំ ២០២១ នៅឆ្នាំ ២០២២ មានកំណើន៥,២% ហើយនៅឆ្នាំ ២០២៣ រំពឹងថានឹងមានកំណើន៥,៦%។ ជាមួយនេះ ក្នុងពេលដែលពិភពលោកជួបវិបត្តិស្បៀងអាហារ កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងរបស់ខ្លួនពេញលេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអតិរេកសម្រាប់នាំចេញ ជាផលិតផល កសិកម្មបានជាង ៨ លានតោន ទៅកាន់គោលដៅ…