តើមានអ្វីនៅពីក្រោយការលាលែង ពីតំណែងរបស់លោក សម រង្ស៊ី ពីមេបក្សសង្គ្រោះជាតិ?
FN ៖ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយត្រូវបានលោក សម រង្ស៊ី ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក និងធ្វីតទ័រផ្លូវការរបស់ខ្លួននៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះដោយបានជូនដំណឹងអំពីការលាលែងរបស់លោកពីតំណែងជាប្រធាន និងជាសមាជិកភាពគណបក្សសង្គ្រោះជាតិ ដោយបានលើកឡើងពីមូលហេតុផ្ទាល់ខ្លួន។ ការលាលែងនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ នេះគឺជាលើកទី១ដែលគេបានឮពីមេបក្សប្រឆាំងនៅកម្ពុជា ហ៊ានលះបង់តំណែងប្រធានបក្ស ដែលខ្លួនតែងតែការពារជាយូរមកហើយ និងបញ្ចប់សមាជិកភាព របស់ខ្លួនពីគណបក្សនេះទៀត។ តើមានអ្វីនៅពីក្រោយការលាលែងនេះនិងតើលោក សម រង្ស៊ី នឹងដើរសេណារីយូអ្វីទៀតក្នុងជំហាន បន្ទាប់ដើម្បីសង្គ្រោះជីវិតនយោបាយរបស់គាត់? ទី១៖ ការសម្រេចលាលែងពីតំណែងនេះធ្វើឡើង ខណៈសំណើរសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានក្រុមតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជាបញ្ជូនទៅកាន់រដ្ឋសភា និងគ្រោងបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់នេះ ហើយចាប់ពីវិសោធនកម្មច្បាប់ចូលជាធរមាន ជនដែលមានទោសនឹង មិនត្រូវអនុញ្ញាតឱ្យធ្វើជាប្រធានគណបក្សនយោបាយទៀតឡើយ។ កាលដែលលោក សម រង្ស៊ី សម្រេចលាលែងពី តំណែងប្រធានគណបក្ស និងសមាជិកភាពគណបក្សសង្គ្រោះជាតិពេលនេះ អាចត្រូវបានលោក សម រង្ស៊ី គិតថាជាពេលវេលាដ៏ត្រឹមត្រូវមួយដើម្បីបង្ហាញ ពីភាពថ្លៃថ្នូរក្នុងនាមជាអ្នកនយោបាយ បង្ហាញពីភាពក្លាហាន និងការលះបង់ មិនស្រឡាញ់អំណាចនិងតំណែង និងដើម្បីទាក់ទាញក្តីអាណិតអាសូរ ពីអ្នកគាំទ្ររបស់ខ្លួន។ លោក សម រង្ស៊ី ក៏ចង់បង្ហាញថាខ្លួនគឺជា «ជនរងគ្រោះ»…