សម្តេចតេជោ ហ៊ុន សែន ស្នើនាយករដ្ឋមន្រ្តី អាបេ ជំរុញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន ឱ្យជួយជំរុញវិនិយោគិនជប៉ុន ទៅបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជាកំពុងតែបង្កលក្ខណៈកាន់តែល្អប្រសើរសម្រាប់អ្នកវិនិយោគ។ សំណើផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបំពេញបេសកកម្ម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមវេទិកា «អនាគតរបស់អាស៊ី»។ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងជំនួបនោះ សម្តេចតេជោ បានស្នើឱ្យប្រទេសជប៉ុន បន្តជួយធ្វើយ៉ាងណារុញសេចក្តីទុកចិត្តឱ្យវិនិយោគិនជប៉ុន ទៅវិនិយោគបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនទៀត។ លោកបានបន្តថា ក្រៅពីនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងស្នើឱ្យប្រទេសជប៉ុន បន្តជួយដោះមីននៅប្រទេសកម្ពុជា ជាពិសេសជួយផ្តល់ជំនួយដល់អង្គការស៊ីម៉ាក់ (CMAC) ដើម្បីធ្វើសកម្មភាព ដោះមីននៅខេត្តធំៗ៣ មានបាត់ដំបង ប៉ៃលិន ពោធិសាត់ ផងដែរដោយសារតែវាបានបន្តគំរាមកំហែងដល់ការអភិវឌ្ឍនៅតំបន់នេះ។…