សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥
[ផ្ដើមសេចក្ដីអធិប្បាយ១] មិនដែលបានអង្គុយខ្ពស់អញ្ចឹងទេ។ នេះជាលើកទី១ហើយ ដែលបានអង្គុយខ្ពស់អញ្ចឹង។ ធ្លាប់តែដឹកនាំនីតិប្រតិបត្តិ យើងអង្គុយសើ្មគ្នា។ ឥឡូវគេរៀបចំឱ្យអង្គុយខ្ពស់។ សម្លឹងមើលទៅខាងក្រោមសុទ្ធតែប្រក់ស័ង្កសី។ សំណាងហើយអ្នកដែលនៅខាងលើមានថ្នាំលាបសក់។ កុំអីប្រហែលជាស្កូវទាំងអស់គ្នា … មុនចូលដល់សុន្ទរកថា (សូមអោយសមាជិកព្រឹទ្ធសភាទាំងអស់)គិតយ៉ាងម៉េចការពារសុខភាពឱ្យបានផុតនីតិកាល។ យើងត្រូវផុតនីតិកាលឆ្នាំ២០៣០។ ត្រូវប្រឹងការពារសុខភាពដើម្បីអាចរស់នៅជាមួយគ្នារហូតដល់ឆ្នាំ២០៣០។ ពេលនោះ ខ្ញុំនឹងមានវ័យ៧៨ឆ្នាំ។ វាជាការគាប់ជួន ថ្ងៃនេះ ៥៤ឆ្នាំមុន ខ្ញុំកំពុងត្រៀមរៀបចំលួចលាក់ខោអាវចូលទៅព្រៃម៉ាគី តាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ ពេលដែលខ្ញុំចូលកាន់តំណែងជានាយករដ្ឋមន្ត្រីគឺក្នុងវ័យ ៣២ឆ្នាំ។ ថ្ងៃនេះចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា ក្នុងវ័យ៧២ឆ្នាំ។ អញ្ចឹង ៤២ឆ្នាំ គាប់ជួនលេខ ២នៅខាងចុង។ [ចប់សេចក្ដីអធិប្បាយ១] ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភាឯកឧត្តម សុខ ឥសាន ប្រធានបណ្តោះអាសន្នព្រឹទ្ធសភាសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា ជាទីមេត្រី ជាកិច្ចចាប់ផ្តើម ទូលបង្គំខ្ញុំសូមថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ និង ជូនចំពោះសម្តេច…