សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងផ្តល់ដំបូន្មានដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី
(១) ធ្វើប្រធានគណៈកម្មាធិការប៉ារ៉ាអូឡាំពិក លើកទឹកចិត្តឱ្យជនពិការងើបឈរឡើង ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានជួបសំណេះសំណាលនិងជូនដំណើរ មុនពេលដែលកីឡាករ/ការិនីរបស់យើងចាកចេញពីប្រទេសដើម្បីទៅចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅឯប្រទេសឥណ្ឌូនេស៊ី។ ដូចលោកអគ្គលេខាធិ ការរង តំណាងឱ្យ ឯកឧត្តម យី វាសនា ដែលពេលនេះកំពុងតែមានបញ្ហា(ឆ្លងជំងឺ)កូវីដ-១៩ បន្ទាប់ពីវិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី អម្បាញ់មិញបានឱ្យដឹងហើយថា ខ្ញុំគឺជាប្រធានប៉ារ៉ាអូឡាំពិចរបស់កម្ពុជា។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើជាប្រធាន? នេះជាចំណុចងាយយល់ គឺជាការរួមចំណែកលើកទឹកចិត្ត សម្រាប់ការខិតខំរបស់ជនពិការរបស់យើង។ វាមិនមែនគ្រាន់តែជាបញ្ហាប្រធានដើម្បីការប្រកួតនោះទេ ក៏ប៉ុន្តែប្រធាននៅទីនេះ គឺសំ ដៅទៅដល់ការលើកទឹកចិត្តអោយមានការចូលរួមទាំងអស់។ ខ្ញុំក៏ជាជនពិការម្នាក់។ ជនពិការក៏មានលទ្ធភាពអាចធ្វើជានាយករដ្ឋមន្រ្តី ហើយក៏មិនមែនជានាយករដ្ឋមន្រ្តីត្រឹមតែកញ្ឆក់កណ្ដៀត កន្លះឆ្នាំមួយឆ្នាំពីរឆ្នាំនោះទេ ក៏ប៉ុន្តែ(ក្លាយជានាយករដ្ឋមន្រ្តី)ជិត ៤ ទសវត្សរ៍រួចស្រេចទៅហើយ។ បើយើងគិតពីឆ្នាំ១៩៨៥ រហូតមកដល់ឆ្នាំ១៩៩៧ ខ្ញុំទើបនឹងធ្វើជានាយករដ្ឋមន្រ្តីបាន ១២ ឆ្នាំ។ ការលើកទឹកចិត្តអោយមានការចូលរួមនិងផ្ដល់ក្ដីសង្ឃឹម សម្រាប់ជនពិការរបស់យើងគឺជាការចាំបាច់។ លើសពីនេះ យើងក៏ត្រូវបន្តការខិតខំដើម្បីលើកស្ទួយវិស័យកីឡារបស់យើង ដែលខ្ញុំយល់ឃើញថា អ្វីដែលយើងអាចធ្វើទៅរួចគឺយើងធ្វើ។ យើងធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទះជនពិការកម្រិតពិភពលោក ដែលមកធ្វើការប្រកួតនៅទីក្រុងភ្នំពេញ ទោះបីថាចំណាត់ថ្នាក់វាមិនល្អសម្រាប់យើង គឺបានត្រឹមតែលេខ៣, លេខ៤ ប៉ុន្តែលេខនេះក៏បង្ហាញថា កម្ពុជាជាប្រទេសមិនអន់ទេ ក្នុងចំណោមប្រទេសជាច្រើន ដែលមានកីឡាបាល់ទះនៅក្នុងពិភពលោក។ នោះគឺជាមោទនភាពមួយ។ ខ្ញុំក៏សង្ឃឹមថា…