សេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធី ពិសារបាយជួបជុំអ្នកសារព័ត៌មានក្នុងស្រុក
កំណត់យក ១៤ មករា រាល់ឆ្នាំ ជួបអ្នកសារព័ត៌មាន ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានជួបជុំជាលើកដំបូងជាមួយនឹងអ្នកសារព័ត៌មាន។ ខ្ញុំក៏សូមបញ្ជាក់ថា នេះមិនមែនជាសន្និសីទសារព័ត៌មាននោះទេ ហើយនេះក៏មិនមែនជាពិធីជួបជុំដើម្បីអបអរសារទរគម្រប់ខួបលើកទី ៣២ នៃការកាន់ដំណែងជានាយករដ្ឋមន្រ្តី ១៤ មករា ១៩៨៥ – ១៤ មករា ២០១៧ នោះទេ។ ប៉ុន្តែ ការជួបជុំនេះគឺជាការជួបជុំ ដែលគប្បីត្រូវធ្វើប្រចាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំនេះ ហើយឆ្នាំក្រោយ យើងគួរត្រូវធ្វើធំជាងនេះ ហើយយើងគួរត្រូវកំណត់យកថ្ងៃទី ១៤ ខែ មករា ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំបែបនេះ។ ឆ្នាំក្រោយ នឹងបង្កើនចំនួនអ្នកសារព័ត៌មាន ខ្ញុំសូមយកឱកាសនេះជំនួសមុខឲ្យឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមអភ័យទោសពីសំណាក់បងប្អូនអ្នកសារព័ត៌មានមួយចំនួន ដែលបានបង្ហាញនូវការមិនសប្បាយចិត្ត ពីការមិនបានចូលរួមនាក្នុងឱកាសនេះ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់នោះនឹងមានការយោគយល់ មិនថាពេលនេះមិនបានចូលរួម យើងរៀបចំនៅដំណាក់កាលដំបូងប្រមាណជាង ១.០០០ នាក់។ ប៉ុន្តែ ឆ្នាំក្រោយ យើងអាចធ្វើ ៤.០០០ នាក់ នៃពិធីជួបជុំបែបនេះ។…