រាជរដ្ឋាភិបាលយកចិត្តទុកជាអាទិភាព ចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស
FN ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាពចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ព្រោះជាគន្លឹះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន។ លោក ហ៊ុន ម៉ាណែត បានបន្ដថា ការអភិវឌ្ឍរីកចម្រើនតាមរយៈកត្តារួមផ្សំជាច្រើន រួមមាន៖ ទី១៖ កំណើនប្រកបដោយចីរភាព និងនិរន្តរភាព, ទី២៖ សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារសាកលភាវូបនីយកម្ម, ទី៣៖ ការកាត់បន្ថយឆាប់រហ័ស នៃគម្លាតសេដ្ឋកិច្ច គម្លាតសមត្ថភាព និងគម្លាតខួរក្បាលជាមួយបណ្តាប្រទេសនានា និងទី៤៖ ភាពឯករាជ្យម្ចាស់ការ។ ដូចនេះទាមទារនូវការជំរុញឲ្យធនធានមនុស្ស មានគុណវុឌ្ឍិទាំងលើចំណេះដឹងទូទៅ, ជំនាញវិជ្ជាជីវៈ, កាយសម្បទាខាងក្រៅ និងបញ្ញាសម្បទាខាងក្នុង ដែលរួមទាំងគុណធម៌ និងសីលធម៌ផងដែរ។ ក្នុងឱកាសនោះ លោកក៏បានចូលរួមសូមអបអរសាទចំពោះនិស្សិតទាំង ១,៥០០នាក់ ដែលនេះជាមោទនភាពសម្រាប់និស្សិតខ្លួនឯង បន្ទាប់ពីការតាំងចិត្តខិតខំប្រឹងប្រែងពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាងក្នុងការដុសខាត់នូវសមត្ថភាពរហូតទទួលបាននូវភាពជោគជ័យ ដូចក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ សូមសម្តែងនូវទឹកចិត្តត្រេកអរជាមួយឪពុក ម្តាយ ក្រុមគ្រួសាររបស់និស្សិតជ័យលាភីទាំងអស់ ដែលបានចូលរួមប្រកបដោយទឹកចិត្តសប្បាយរីករាយ។ នេះជាការឆ្លុះបញ្ចាំងអំពីបំណងរបស់គ្រប់ក្រុមគ្រួសារ ដែលតែងចង់ឃើញបុត្រធីតារបស់ខ្លួនទទួលបាននូវការអប់រំខ្ពង់ខ្ពស់…