សុន្ទរកថា និងការដកស្រង់ប្រសាសន៍ក្រៅសន្ទុរកថា ក្នុងពិធី ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០»
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួម នៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០» ក្នុងឱកាសនេះ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិប្រជាជនលើកដំបូង ដែលមានរយៈពេលវែងរហូតដល់ ១៥ ឆ្នាំ ហើយដែលនឹងរួមចំណែកយ៉ាងខ្លាំងក្លាដល់ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានដើរតួនាទី និងបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលការរៀបចំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត បន្ទាប់ពីយើងសម្រេចបាននូវចំណាត់ថ្នាក់ល្អប្រសើរ, ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលឤចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ព្រមទាំងជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១ នៅតំបន់ឤស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ទន្ទឹមគ្នានឹងមហិច្ឆិតាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ជាមួយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់ ពិសេសមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមកទាំងផ្នែកបច្ចេកទេស, ទាំងផ្នែកហិរញ្ញវត្ថុ លើបញ្ហាប្រជាជន និងការអភិវឌ្ឍ ពិសេសការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពរបស់មាតា និងកុមារ។ ក្នុងនោះ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនតែងបានការគាំទ្រដល់ក្រសួងផែនការលើការងារស្ថិតិ, ការងារផែនការ និងការងារពាក់ព័ន្ធ នឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ហើយថ្មីៗនេះ គឺគាំទ្រដល់ដំណើរការរៀបចំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែលយើងផ្សព្វផ្សាយដាក់ឱ្យអនុវត្តនាថ្ងៃនេះ…