សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា ខណៈការចុះឈ្មោះនៅសល់តែ១០ ថ្ងៃទៀតប៉ុណ្ណោះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ខណៈការចុះឈ្មោះបោះឆ្នោត នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានបង្ហោះឲ្យដឹងលើ Facebook Page ផ្លូវការសម្តេចនៅមុននេះបន្តិច។ យោងតាម Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សំខាន់ខ្លាំងណាស់ គឺនៅសល់តែ១០ថ្ងៃទៀតទេ! សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។ កន្លែងចុះឈ្មោះបោះឆ្នោតគឺបើកធ្វើការទាំងថ្ងៃសៅរ៍ និងអាទិត្យ។ ជូនពរជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយថ្ងៃសម្រាកចុងសប្តាហ៍»។ គួរបញ្ជាក់ថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន៧,២៧៣,៧៤៨នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។ សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕