សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍សម្តេចតេជោ, ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ ក្នុ្នងដំណាក់កាលទី២ (ឆមាសទី ២ ឆ្នាំ ២០២២-២០២៣)
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុង “ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ បូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនៃវិស័យ ទេសចរណ៍ ក្នុ្នងដំណាក់កាលទី២(ឆមាសទី២ ឆ្នាំ២០២២-២០២៣)”។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារសម្រេចបានដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្ដារ និងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ។ ជាអកុសល ការរីកចម្រើននៃវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលជាង ២ ឆ្នាំចុងក្រោយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍនៅទូទាំងសកលលោក។ វិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំងឺកូវីដ-១៩ បានផ្អាកការធ្វើដំណើរ ទាំងក្នុង និងក្រៅប្រទេស ដែលបង្ខំឱ្យអាជីវកម្មទេសចរណ៍ និងធុរកិច្ចពាក់ព័ន្ធបិទទ្វារ និងធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ។ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពសាធារណៈ និងជីវភាពរបស់បងប្អូនប្រជាជន ព្រមទាំងទស្សនវិស័យ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត”…