សម្តេចតេជោ ហ៊ុន សែន ផ្តើមទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្ការី ជាមួយការស្វាគម៍យ៉ាងកក់ក្តៅពីនាយករដ្ឋមន្ត្រីប៊ុលហ្ការី
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការីហើយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក ប៊ួយកូ បូរីសូវ (Boyko Borissov) នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងសូហ្វីយ៉ា។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី បានអញ្ជើញជួបប្រជុំចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ ក្នុងជំនួបកំពូលដ៏មានសារសំខាន់នោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើវិស័យនានា នៃទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងពិភពលោក ដែលជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរក៏បានបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនប៊ុលហ្ការី ដែលធ្លាប់បានផ្តល់ជំនួយ និងការគាំទ្រដ៏ឧត្តុង្គឧត្តមជូនកម្ពុជាក្នុងអំឡុងពេលដ៏លំបាក បន្ទាប់ពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុលពត។ ពិសេសអរគុណចំពោះការបញ្ជូនកងកម្លាំង មួកខៀវប៊ុលហ្ការី ក្នុងប្រតិបត្តិការអ៊ុនតាក់នៅកម្ពុជា កាលពីដើមឆ្នាំ១៩៩០។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ការបើកឲ្យដំណើរការឡើងវិញនូវស្ថានទូតកម្ពុជា នៅទីក្រុងសូហ្វីយ៉ាក្នុងឆ្នាំ២០១៩នេះសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ថាមវ័ន្តបន្ថែមដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ…