សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបើកបុណ្យទន្លេលើកទី ៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»
សម្តេច ឯកឧត្តម លោកជំទាវ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនជនរួមជាតិជាទីមេត្រី! រាត្រីនេះខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបុណ្យទន្លេលើកទី ៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដែលប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ និងញាតិមិត្តក្នុងពិធីបុណ្យទន្លេ ដែលជាការបង្ហាញអំពីសាមគ្គីភាព ហើយក៏ជាការចូលរួមផ្សព្វផ្សាយដើម្បីជំរុញកំណើនទេសចរណ៍ តាមដងទន្លេកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងវិស័យឯកជនដែលបានរួមសហការគ្នាយ៉ាងសកម្មរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះ។ ការរៀបចំឱ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំ គឺជាការបង្ហាញអំពីសក្តានុពលទេសចរណ៍តាមដងទន្លេកម្ពុជា ជាពិសេសខេត្តបាត់ដំបងដែលស្ថិតនៅប៉ែកពាយព្យ និងចំកណ្តាលនៃបណ្តាខេត្តសំខាន់ៗនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលសម្បូរបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ រមណីយដ្ឋានទេសចរណ៍ ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងកសិទេសចរណ៍ សំណង់ ស្ថាបត្យកម្មដ៏ប្រណតិជាច្រើនកនែ្លងដែលបន្សល់ទុកដោយឤណានិគមបារាំង និងកំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានមកកម្សាន្ត និងសិក្សាស្វែងយល់។ បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ ជាក់ស្តែង…