សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា និងរីករាយដែលបានជួបឯកឧត្តមសាជាថ្មីដែលឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលតាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការបោះឆ្នោតនៅកម្ពុជា ហើយលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមឯកឧត្តមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។ សម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ជាពិសេសស្ថាប័នព្រឹទ្ធសភា នៃប្រទេសទាំងពីរ និងស្ថាប័ននីតិប្រតិបត្តិរវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោក៏ឆ្លៀតអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា កាលពីខែវិច្ឆិកាកន្លងទៅបានជោគជ័យ ដែលជាការលើកកិត្យានុភាពរបស់ប៉ាគីស្ថានបន្ថែមទៀត។ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានសម្ដែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់សម្ដេចតេជោ ចំពោះឯកឧត្តម និងគណៈប្រតិភូ ជាពិសេសការបដិសណ្ឋារកិច្ចដ៏អស្ចារ្យ…

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព គឺបានតបត

ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព ល្ងាចម្សិលមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដា ពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង៕

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មក

កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់ម៉ិញ និងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហាន ពលទាហានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។ សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕