សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយនឹងឯកឧត្តមសារជាថ្មី មុននឹងឯកឧត្តមចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីផុតអាណត្តិ ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្ដេចតេជោបានវាយតម្លៃ ខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅពេលកន្លងមក ដែលបានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអាល្លឺម៉ង់កាន់តែមានភាពរីកចម្រើន។ នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា រយៈពេល ៤ឆ្នាំនៃការបំពេញការងាររបស់ឯកឧត្តមនៅកម្ពុជា គឺបានប្រព្រឹត្តទៅដោយលឿនខ្លាំងណាស់។ ហើយក្នុងរយៈពេល ៤ឆ្នាំនេះ ឯកឧត្តមបានធ្វើកិច្ចការងារជាមួយនឹងភាគីកម្ពុជា និងបានសម្រេចនូវលទ្ធផលជាច្រើនសម្រាប់ពូនជ្រុំនូវទំនាក់ទំនង រវាងកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្តមបានអរគុណចំពោះភាគីកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងឯកឧត្តម…

