សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្ដែងការគួរសម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមនិងសហការីដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់នៅពេលនេះ ជាការរួមចំណែកដោយការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ឱ្យកាន់តែរឹងមាំបន្តទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានកោតសរសើរ អំពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមថាប្រទេសកម្ពុជាពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ មានភាពរីកចម្រើន និងមានភាពល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើទៅជាមួយគ្នាបាន។…

