សុន្ទរកថា ថ្លែងក្នុង “ពិធីប្រារព្ធខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស” និង “ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០”
ឯកឧត្ដម អាប់ឌុល ហាមីឌ (Abdul Hamid) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ថ្ងៃនេះ តាំងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយជាអនេក ដែលបានចូលរួមថ្លែងសារ ដើម្បីអបអរសាទរការប្រារព្ធ ”ខួបកំណើត ១០០ ឆ្នាំ នៃបិតាជាតិបង់ក្លាដែស បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ (Bangabandhu Sheikh Mujibur Rahman)” និង “ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែសខួបលើកទី ៥០” តាមប្រព័ន្ធវីដេអូ ទោះបីជាខ្ញុំមិនអាចទៅចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះដោយផ្ទាល់នៅទីក្រុងដាកា ដោយសារការរីករាលដាលនៃកូវីដ-១៩ក៏ដោយ។ នៅក្នុងឱកាសដ៏ឱឡារិកនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង សូមសម្ដែងនូវអំណរសារទរដោយស្មោះអស់ពីដួងចិត្ត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្ដម ប្រធានាធិបតី អាប់ឌុល ហាមីឌ និងលោកជំទាវ នាយករដ្ឋមន្រ្តី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែសជាមិត្តទាំងអស់ សូមប្រកបដោយសុខភាពមាំមួន សុភមង្គល និងវិបុលភាព។…