FN ៖ ឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះថា នៅពេលខាងមុខនេះ ម្ចាស់យានយន្ដទាំងឡាយណា ដែលមិនបានកាត់ឈ្មោះផ្ទេរកម្មសិទ្ធិត្រឹមត្រូវ ប្រឈមនឹងការផាកពិន័យ ហើយអាចឈានដល់ការបញ្ជូនសុំណុំរឿងទៅតុលាការថែមទៀត ប្រសិនបើពួកគាត់នៅតែបន្តប្រព្រឹត្តល្មើស។
ការថ្លែងដូច្នេះរបស់លោកឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉ន ស្ដីពីបច្ចេកទេសត្រួតពិនិត្យ រឹតបន្ដឹងការបើកបរ ក្នុងស្ថានភាពស្រវឹង ការបើកបរល្មើសល្បឿនកំណត់ និងប្រព័ន្ធកត់ត្រាបទល្មើសចរាចរណ៍ ដែលមានសិក្ខាកាមចំនួន៨០រូប ដែលមកពីស្នងការរាជធានីខេត្តទាំង២៥ និងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។
ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន បានបញ្ជាក់ថា រាល់ម្ចាស់យានយន្ដដែលមិនទាន់កាត់ឈ្មោះយានយន្តទេ នៅពេលមកបង់ប្រាក់ពិន័យត្រូវយកលិខិតទិញ-លក់មកជាមួយ ប៉ុន្ដែពួកគាត់នៅតែតម្រូវឲ្យកាត់ឈ្មោះយានយន្ដឲ្យបានត្រឹមត្រូវដដែល ហើយប្រសិនបើពួកគាត់ល្មើសម្ដងទៀតក្នុងកំឡុង៦ខែ អាចត្រូវបញ្ជូនទៅតុលាការ។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ឯក ហ៉ឹម យ៉ាន ក៏បានបញ្ជាក់ទៀតថា ចំពោះការផាកពិន័យលើអ្នកបើកបរល្មើសល្បឿន គឺត្រូវអនុវត្តន៍គោលការណ៍ថ្មី គឺផាក់ពិន័យ តាមស្លាកលេខរបស់យានយន្ដ ដោយនគរបាលនឹងធ្វើវិក្ក័យបត្រ ហើយផ្ញើរទៅតាមអាសយដ្ឋាន ដែលបានចុះបញ្ជីស្លាកលេខរថយន្ដទាំងនោះ បានសេចក្ដីថា នគរបាលលែងផាកនៅនឹងកន្លែងទៀតហើយ គឺផាកតាមរយៈការផ្ញើវិក្ក័យបត្រពិន័យដល់ផ្ទះ ហើយម្ចាស់យានយន្ដល្មើសត្រូវមកបង់ប្រាក់ពិន័យ។
លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ទៀតថា ការអនុវត្តការរឹតបន្តឹងបទល្មើសចរាចរណ៍ ត្រូវធ្វើឡើងនៅគោលដៅដើមទី និងចុងទីតែប៉ុណ្ណោះ ខណៈដែលការត្រួតពិនិត្យជាតិស្រវឹង នឹងត្រូវអនុវត្តន៍ជារៀងរាល់យប់៕