FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក៏ជាអ្នកដែលចូលរួមក្នុង ការបង្រ្កាបគ្រឿងញៀន នៅតាមមូលដ្ឋានផងដែរ ព្រោះពួកគាត់ជាអ្នកនៅជិតជនល្មើសជាងសមត្ថកិច្ច ដោយអាចរាយការណ៍ជូនសមត្ថកិច្ចបាន។
សម្តេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែធ្វើយ៉ាងណាស្វែងរកការគាំទ្រ ពីសំណាក់ប្រជាពល ម្ចាស់ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន សហគ្រាសឯកជនផ្សេងៗទៀត ឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ជុំវិញករណីគ្រឿងញៀន នៅតាមមូលដ្ឋាន។
សម្តេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ថា «សមត្ថកិច្ច មន្ត្រី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ មិនអាចធ្វើបានទេ បើសិនគ្មានការចូលរួមពី ប្រជាពលរដ្ឋតាមមូលដ្ឋាន និងក្រុមហ៊ុនសហគ្រាសឯកជន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះ ទោះបីជាខាងអាជ្ញាធររបស់យើងខិតខំយ៉ាងណាក៏ដោយ»។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សមត្ថកិច្ច អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងរាជធានី-ខេត្ត ទាំងអស់ត្រូវតែខិតខំយ៉ាងណា សហការជាមួយ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រោះប្រជាពលរដ្ឋទាំងអស់ជាអ្នកដែល នៅជិតអ្នកប្រើប្រាស់គ្រឿងញៀន ជាងសមត្ថកិច្ចរបស់យើង។ ទទ្ទឹមនឹងនេះដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ទាំងអស់ជាពិសេស គឺយុវជនពីបញ្ហាគ្រោះថ្នាក់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន៕