FN ៖ បន្ទាប់ពីស្តាប់ការពន្យល់របស់តំណាងភាគីមកពីគណបក្សប្រឆាំង អស់រយៈពេលជាងមួយម៉ោងកន្លះ នៅម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ជំនួបពិភាក្សាបានបញ្ចប់, ប៉ុន្តែលទ្ធផលហាក់មិនទាន់ត្រូវរ៉ូវគ្នានៅឡើយ ដោយខាងក្រសួងមហាផ្ទៃអះអាងថា សមាជរបស់គណបក្សប្រឆាំងគឺខុសច្បាប់ ពាក់ព័ន្ធបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ ព្រមទាំងការប្រើប្រាស់ពាក្យស្លោកនយោបាយផងដែរ ចំណែកខាងបក្សប្រឆាំងវិញ បានលើកឡើងថា នឹងយកបញ្ហានេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ខ្លួន។
លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ ខាងតំណាងក្រសួងមហាផ្ទៃបានប្រាប់មកយើងខ្ញុំថា ការធ្វើសមាជវិសាមញ្ញហ្នឹង ស្របច្បាប់ ហើយការធ្វើវិសោធនកម្មលក្ខន្ខិករបស់គណបក្សសង្រ្គោះជាតិក៏មិនទាស់អីទេ ទាស់តែនឹងរឿងការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្ស ហើយនិងពាក្យស្លោករបស់គណបក្ស ហើយខាងយើងខ្ញុំចង់ឱ្យក្រសួងមហាផ្ទៃហ្នឹង ចេញលិខិតឱ្យច្បាស់ថា ព្រោះយើងចង់ឱ្យ ក្រសួងមហាផ្ទៃហ្នឹង ចេញលិខិតមកកុំឱ្យនិយាយអវិជ្ជមាន ដោយប្រាប់ថា សមាជធ្វើត្រូវ ហើយវិសោធនកម្មលក្ខន្តិកៈធ្វើត្រូវ ប៉ុន្តែក្រសួងមហាផ្ទៃ នៅតែអត់ចេញឱ្យរឿងនេះ គេនៅតែរក្សាជំហរដដែល។ ដោយឡែកគណបក្សសង្រ្គោះជាតិ យើងនឹងជជែកនិងពិភាក្សាគ្នាអំពីរឿងនេះ, នៅគណបក្ស»។
ក្រោយបញ្ចប់ជំនួបនេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃនៅតែរក្សាគោលជំហររបស់ខ្លួន មិនទទួលស្គាល់ប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិដដែល ស្នើឲ្យដោះស្រាយ បញ្ហានេះ ព្រមទាំងស្នើឲ្យផ្លាស់ប្តូរពាក្យស្លោកនយោបាយរបស់ខ្លួន ប្រសិនបើមិនដោះស្រាយបញ្ហានេះទេ អាចនឹងប្រឈមនឹងបញ្ហាផ្លូវច្បាប់ ស្តីពីគណបក្សនយោបាយ។
សូមជំរាបថា នៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ តំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស សង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានជួបប្រជុំគ្នា ដើម្បីដោះស្រាយអំពីបញ្ហាចោទប្រកាន់ថា សមាជគណបក្សប្រឆាំងខុសច្បាប់ ហើយក្រសួង មិនទទួលស្គាល់ប្រធាន និងអនុប្រធានថ្មី ទាំង៣នាក់របស់គណបក្សប្រឆាំង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ បានរៀបចំសមាជមួយ ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួនបន្ទាប់ពី លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រោយសមាជនេះ គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានជ្រើសតាំង លោក កឹម សុខា ជាប្រធានគណបក្សជំនួស លោក សម រង្ស៊ី ហើយជ្រើសរើសអនុប្រធាន៣រូប រួមមាន លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង និង លោកស្រី មូរ សុខហួរ។
ទោះជាយ៉ាង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងមហាផ្ទៃ ប្រកាសមិនទទួលស្គាល់សមាជជ្រើសរើសមេដឹកនាំថ្មី របស់គណបក្សសង្រ្គោះជាតិ ដោយបញ្ជាក់ថា សមាជនេះផ្ទុយនឹងលក្ខន្តិកៈប្រកាស៤៧ តម្កល់ទុកនៅក្រសួងមហាផ្ទៃ ហើយក្រសួងក៏ស្នើឱ្យ គណបក្សសង្រ្គោះជាតិដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដែលប៉ះពាល់ដល់រដ្ឋធម្មនុញ្ញផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អេង ឆៃអ៊ាង បានលើកឡើងក្រោយជំនួបថា «ពាក្យស្លោក ដូចដែលយើងបានបញ្ជាក់ហើយថា យើងអត់យកទៅ ដាក់ចូល នៅក្នុងគោលនយោបាយរបស់គណបក្សយើងទេ ហើយយើងក៏អត់បានទៅណែនាំឱ្យសកម្មជន និងរចនាសម្ព័ន្ធគណបក្ស ប្រើប្រាស់ដែរ»។
ប្រការ៤៧ នៃលក្ខន្តិកៈគណបក្ស ចែងថា ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយគណកម្មាធិការនាយក ត្រូវជ្រើសរើស អនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ពីក្នុងចំណោមសមាជិករបសខ្លួន ដើម្បីជួយការងារប្រធាន គណបក្សស្តីទី រហូតដល់ចប់អាណត្តិ នាខែមេសា ឆ្នាំ២០១៨។
គិតតាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលជាថ្ងៃ លោក សម រង្ស៊ី លាលែងពីតំណែង រហូតដល់ខែមេសា ឆ្នាំ២០១៨ មានរយៈពេល ប្រមាណ១៤ ខែប៉ុណ្ណោះ តិចជាង ១៨ខែ ដែលត្រូវឱ្យគណបក្សសង្រ្គោះជាតិអនុវត្តតាមប្រកាខាងលើនេះតែម្តង៕