FN ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាបសរុបជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍លើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជាការពារទឹកជំនន់ សាងសង់ផ្លូវ ធ្វើមន្ទីរពេទ្យ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។
ពិធីចុះហត្ថលេខាប្រគល់ និងទទួលនូវថវិកាទាំងអស់នេះ នឹងធ្វើឡើងរវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និង ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ថវិកាជាជំនួយ និងជាកម្ចីការប្រាក់ទាបជាង ១០០លានដុល្លារអាមេរិក នឹងយកទៅអភិវឌ្ឍន៍លើគម្រោងសំខាន់ៗចំនួន៤ រួមមាន៖
១៖ ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១០៩លានយ៉េន ស្មើប្រមាណ ៩៤៩,៩៧៣ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤»។
២៖ ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១,៤៥៣លានយ៉េន ស្មើប្រមាណ ១២.៦៦លានដុល្លារ សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។
៣៖ ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ១១,១៣៦លានយ៉េន ស្មើប្រមាណ ៩៨លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «ការធ្វើឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី២»។
៤៖ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣,២៧១លានយ៉េន ស្មើប្រមាណ ២៨.៥លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ»។
ជាការកត់សម្គាល់ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ក្រោយពេលប្រទេសកម្ពុជា បានបញ្ចប់ភ្លើងសង្រ្គាមនាទសវត្សរ៍ឆ្នាំ៩០។ គម្រោងទាំង៤ខាងលើនេះ ត្រូវបានរំពឹងថា នឹងជួយកែលម្អដល់ការតភ្ជាប់តំបន់របស់កម្ពុជា ហើយក៏នឹងធ្វើឲ្យប្រសើរឡើងដល់ជីវភាព និងថែរក្សាសុខភាពរបស់ប្រជាជន៕