FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី៣ខ្នង មានកម្ពស់៣ជាន់ ស្មើនិង៤៨បន្ទប់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។
អគារសិក្សានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនក្នុងពេលសម្តេចអញ្ជើញទៅសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីសម្តេចបានពិនិត្យឃើញអគារសិក្សាចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ដែលអាចនាំមកនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗសម្រាប់សិស្ស។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ពីខេត្តក្រចេះជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យពិនិត្យមើលអគារសិក្សានៅតាម សាលានានា បើមានសភាពទ្រុឌទ្រោម ត្រូវធ្វើការសាងសង់ឡើងវិញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុណាមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តក្រចេះគឺជាមូលដ្ឋានទ័ពមួយក្នុងការតស៊ូរំដោះប្រទេសជាតិចេញ ពីរបបកាប់សម្លាប់ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីស្ថានភាពដ៏លំបាកក្នុងវិស័យអប់រំក្រោយពេលរំដោះប្រទេសជាតិ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោថ្លែងថា ការអប់រំនៅកម្ពុជា បានចាប់ផ្តើមពីការរៀនក្រោមដើមឈើ យកធ្យូងធ្វើជាដីស និងក្នុងស្ថានភាពអ្នកចេះបង្រៀនអ្នកអត់ចេះ អ្នកចេះច្រើនបង្រៀនអ្នកតិច តែបច្ចុប្បន្នការអប់រំបានរីកចម្រើនលូតលាស់ច្រើន ហើយក្នុងខេត្តក្រចេះនេះផ្ទាល់ មានអគារសិក្សារាប់រយ សម្រាប់ការសិក្សារបស់សិស្ស។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីដើមឡើយខេត្តក្រចេះមានវិទ្យាល័យតែមួយប៉ុណ្ណោះ គឺវិទ្យាល័យព្រះមហាក្សត្រិយ៍ព្រះកុសុមៈ តែបច្ចុប្បន្នមានវិទ្យាល័យនៅគ្រប់ស្រុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរួមគ្នាបន្តកសាងប្រទេសជាតិទៅមុខបន្ថែមទៀត ក្រោមដំបូលសុខសន្តិភាពដែលរកមកបាន យ៉ាងលំបាក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ត្រូវបានបំភ្លេចបំផ្លាញស្ទើរតែទាំងស្រុង ព្រោះភ្លើងសង្រ្គាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលតភ្ជាប់ពីខេត្តក្រចេះ ទៅកាន់រាជធានីភ្នំពេញ និងបណ្តា ខេត្តផ្សេងៗផងដែរនោះ សម្តេចតេជោ រំពឹងថា ទៅថ្ងៃខាងមុខនឹងមានសាកលវិទ្យាល័យនៅក្នុងខេត្តក្រចេះ ដើម្បីបំពេញការងាយស្រួល សម្រាប់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក៏ដូចជាបណ្តាខេត្តជាប់នឹងក្រចេះនេះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឧបត្ថម្ភដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបអង្គរ ដល់សិស្សគរុកោសល្យក្នុងខេត្តក្រចេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា វិទ្យាល័យតេជោ ហ៊ុន សែន ក្រចេះក្រុង ដែលសាងសង់ឡើងដោយរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងចូលរួមផ្តល់ជាប្រយោជន៍សម្រាប់ការអប់រំដល់កូនចៅប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះទាំងមូល។ សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកទៀតថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជារឿងមួយដ៏លំបាក ហើយចំណាយពេលយ៉ាងយូរឆ្នាំទើបទទួលបានផល មិនដូចការដាំដុះដើមឈើនោះទេ។
* សម្តេចតេជោ ថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សថ្វីត្បិតតែលំបាក តែបានចូលរួមបង្កើតធនធានដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងរំលឹកទៀតថា របបប៉ុលពត បានកាប់សម្លាប់អ្នកចេះដឹងរបស់ខ្មែរអស់យ៉ាងច្រើន និងបំផ្លាញស្ទើរគ្មានសល់នូវ ប្រព័ន្ធហេដ្ឋរចនា សម្ព័ន្ធអប់រំ សម្តេចបានអំពាវានាវឲ្យរួមគ្នាថែរក្សានូវសមិទ្ធផល និងអ្វីៗដែលកំពុងមាននាពេលបច្ចុប្បន្ន ហើយត្រូវប្រឆាំងដាច់ខាតការប៉ុនប៉ងបំផ្លាញសមិទ្ធផលនានា។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ថា រដូវបុណ្យចូលឆ្នាំជាពេលសប្បាយរីករាយ មិនមែនជាពេលត្រូវជេរបញ្ចោរគ្នានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដូវបុណ្យចូលឆ្នាំជាពេលសប្បាយរីករាយ មិនមែនជាពេលត្រូវជេរបញ្ចោរគ្នានោះទេ។
* សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ សម្តេចបានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ត្រូវគោរព ក្រមសីលធម៌ក្នុងការឃោសនា ដោយមិនត្រូវបន្ទោសបង្អាប់អ្នកដទៃនោះទេ។ សម្តេចតេជោ ឲ្យយកការឃោសនារកសំឡេងឆ្នោតយកគំរូតាម អ្នកលក់ទំនិញ ពោលផ្សព្វផ្សាយតែផលិតផលរបស់ខ្លួន ដោយមិនត្រូវតិះទៀនបន្ទោសបង្អាប់ទំនិញរបស់គេនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឃោសនាដោយការជេរបញ្ចោរបន្ទោសបង្អាប់ដល់អ្នកដទៃ នឹងនាំឲ្យមានការឈឺចាប់ និងឈ្លោះប្រកែកគ្នា។ ទោះបីជាយ៉ាងណា សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នាជួយធ្វើឲ្យ បរិយាកាសបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសត្រូវធ្វើឲ្យការបោះឆ្នោតនេះ សម្រេចទៅដោយជោគជ័យ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោត កុំបន្តមានការភ័ន្តច្រឡំជាមួយលេខរៀងចាស់ ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣បន្តទៅទៀត ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ គឺមានលេខរៀងខុសៗគ្នា ទៅតាមឃុំ ឬ សង្កាត់ ពោលមិនដូចការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ទៀតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវកត់ចំណាំនូវស្លាកសញ្ញារបស់គណបក្សនយោបាយនីមួយៗ ដែលខ្លួនពេញចិត្ត។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យមានជម្លោះនៅក្នុងពេលបោះឆ្នោត។ បើតាមសម្តេចដើម្បីបញ្ចៀសជម្លោះនេះបាន គឺត្រូវតែ បញ្ចៀសការជេរប្រមាថ។ សម្តេចនាយករដ្ឋមន្រ្តីបន្តថា អ្នកនយោបាយទាំងអស់ ត្រូវឃោសនាអួតសរសើរតែរបស់ខ្លួនទៅ កុំដៀលទៅបក្សដទៃ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏បាន អំពាវនាវឲ្យបោះឆ្នោតគាំទ្របក្សប្រជាជនទៅមុខទៀត។ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍបន្តទៅមុខទៀត។
* ក្នុងពិធីសម្ពោធឲ្យប្រើប្រាស់អគារសិក្សា ៣ខ្នង ស្មើនិង ៤៨បន្ទប់នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំសៀវភៅជាច្បាប់ក្រុមង៉ុយ ១ពាន់ច្បាប់ដាក់តាមបណ្ណាល័យនានាក្នុងខេត្តក្រចេះ ដើម្បីឲ្យសិស្សៗរៀន។