FN ៖ ពីខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ កែប្រែកំហុសខុសឆ្គងកន្លងមក ដូចជា ការគាបសង្កត់ ការគំរាមកំហែង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងមានការថ្នាំងថ្នាក់ ហើយត្រូវបន្តលើកម្ពស់ការបម្រើ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ថ្លែងបែបនេះត្រូវបានធ្វើឡើងនៅព្រឹក២៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញបញ្ចុះខ័ណ្ឌសីម៉ាព្រះវិហារ វត្តពោធិរតនារាម ហៅវត្តគោគថ្ងាន់ ស្ថិតនៅភូមិល្ហើយ ឃុំព្រាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្នុងឱកាសនោះលោក ប៊ិន ជីវ័ន អភិបាលស្រុកកញ្រ្ជៀច បានជម្រាបជូនអង្គពិធីថា វត្តនេះចាប់ផ្តើមកសាងនៅឆ្នាំ២០០៤។ វត្តគោគថ្ងាន់នេះ កើតឡើងពីកម្លាំងសទ្ធាជ្រះថ្លាពីសប្បុរសជន និងតាមរយៈបុណ្យកឋិនទាន បុណ្យផ្ការស្មីសាមគ្គី និងតាមគ្រប់រូបភាពពិសេស មានការជ្រោមជ្រែងពីម្តេចក្រឡាហោ ស ខេង និងលោកជំទាវ ព្រមទាំងនាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី រួមជាមួយក្រុមការងារគណបក្យប្រជាជនខេត្ត ស្រុក ឃុំ ទើបព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិសទ័ចាប់ផ្តើម កសាងព្រះវិហារទំហំ១១,៤ម៉ែត្រ គុណ២១,៤ម៉ែត្រ ដោយកសាងរយៈពេល១៤ឆ្នាំ ទើបហើយរួចរាល់ជាស្ថាបពរ ដោយចំណាយថវិកាសរុប៨២៣,៤០០,០០០រៀល ស្មើនិង២០១,៨៥០ដុល្លារ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានបញ្ជាក់ថា «សមិទ្ធផលថ្ងៃនេះ បង្ហាញពីការរីកចម្រើនថ្មីថែមទៀត លើផ្នែកពុទ្ធចក្រ និងបានថ្លែងនូវការកាតសរសើចំពោះសប្បុរស ជនទាំងអស់ ដែលបានផ្តួចផ្តើមកសាងនូវព្រះវិហារនេះឡើង សម្រាប់ប្រជាជនធ្វើបុណ្យទៅតាមព្រះពុទ្ធសាសានារបស់ខ្មែរ ចាប់ពីថ្ងៃរំដោះ៧មករា១៩៧៩»។
បន្ថែមពីនេះសម្តេចបានឲ្យដឹងថា នៅក្នុងរបប ប៉ុល ពត ព្រះពុទ្ធសាសានា ត្រូវបានលប់បំបាត់ទាំងស្រុងតពេលនេះវិស័យពុទ្ធសាសនា ត្រូវបានរីកចម្រើនខ្លាំងប្រជាពលរដ្ឋគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ នៅក្នុងពិធីនេះសម្តេចបានជួយដោះស្រាយនូវសំណូមពររួមមាន សងថ្លៃជំពាក់ថ្លៃសាងសង់ចំនួន១១,៨៨៥ដុល្លារ នៅវត្តគោគថ្ងាន់, កសាងរបបវត្ត៣៩០ម៉ែត្រ, កសាងអាគាសិក្សា១ខ្នង៥បន្ទប់ រួមនិងគ្រឿងសឹង្ហារឹមនៅឃុំព្រាល, កសាងអាគាសិក្សា១ខ្នង៥បន្ទប់នៅវិទ្យាល័យគោកថ្ងាន់, កសាងអាគាសិក្សា១ខ្នង៥បន្ទប់រួម និងគ្រឿងសឹង្ហារឹម នៅសាលាបឋមសិក្សាធម្មកេ, ជួសជុលដំបូលអាគាសិក្សាចំនួន៣ខ្នង នៅសាលាបឋមសិក្សាកញ្រ្ជៀច។
ឆ្លៀតក្នុងឱកាសសម្តេច បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ ខាងមុខនេះ ខិតខំបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្តទៀត សូមឲ្យបងប្អូនអប់រំកូនចៅ នៅឲ្យឆ្ងាយពីគ្រឿងញៀន និងប៉ះពាល់ដល់សន្តិសុខជាតិ៕