FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិត បានចំនួន ១៩លើកមកហើយ ហើយមិនដែលខកខានម្តងណាឡើយ ព្រោះត្រូវមានការផ្តាំផ្ញើមុននឹងពួកគេចេញទៅបំពេញការងារបណ្តុះបណ្តាល។
* សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស និងការដាំដុះដំណាំមានការខុសគ្នាឆ្ងាយណាស់។ ពោលការដាំដុះ ដំណាំដូចជាការកៅស៊ូចំណាយពេលយ៉ាងច្រើនបំផុត ៤-៥ឆ្នាំប៉ុណ្ណោះ តែការបណ្តុះបណ្តាលធនធានមនុស្សមានការលំបាក ហើយចំណាយពេល រហូតដល់ ១៦ឆ្នាំទម្រាំបញ្ចប់ថ្នាក់បរិញ្ញា ហើយត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត សម្រាប់ការបណ្តុះបណ្តាលគរុកោសល្យ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការបោះទុនសម្រាប់ការសាងសង់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដូចជាអគារសិក្សា និងអគារផ្សេងៗទៀតនោះ មិនអាចបញ្ចប់បានទេ ព្រោះតម្រូវការនៅតែមានជាមួយកំណើនសិស្ស ខណៈអគារសិក្សាមួយចំនួនទៀត មានការទ្រុឌទ្រោមទៅហើយនោះ។
* សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើឲ្យពិនិត្យមើលអគារសិក្សាចាស់ៗមួយចំនួន បើមានសភាពទ្រុឌទ្រោមត្រូវធ្វើការជុសជួល ឬ កែលំអរ ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗដល់សិស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងមានមោទនភាពជាមួយការប្រឹងប្រែងរហូតបានបណ្តុះបណ្តាលបាននូវធនធានមនុស្សយ៉ាង ច្រើន ដើម្បីបំពេញការងារទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាក់ស្តែងពេលនេះកម្ពុជា កំពុងក្លាយជាប្រទេសដឹកនាំកិច្ចប្រជុំ ប្រទេសមានការអភិវឌ្ឍន៍ តិចតួច។ ក្នុងនោះរួមមានធនធានមនុស្សបំពេញការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិថែមទៀតផង។
* សម្តេចតេជោ គូសបញ្ជាក់ថា បើទោះបីកម្ពុជា មានធនធានមនុស្សច្រើនយ៉ាងណាក្តី តែកិច្ចខិតខំក្នុងការបណ្តុះបណ្តាលធនធានមនុស្សនេះ មិនអាចបញ្ចប់នោះឡើយ គឺត្រូវតែខិតខំបណ្តុះបណ្តាលបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពីមុនកម្ពុជា ត្រូវការធនធានមនុស្សមកពីប្រទេសដទៃជួយកម្ពុជា តែបច្ចុប្បន្នកម្ពុជាត្រូវតែប្រឹងប្រែង បណ្តុះធនធានមនុស្សមកប្រើដោយខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ សូមកុំច្រណែនជាមួយគ្រូបង្រៀន និងគ្រូពេទ្យដែលមានប្រាក់បៀវត្សរ៍ ខ្ពស់ជាង។ សម្តេចតេជោជឿថា កងកម្លាំងប្រដាប់អាវុធ នឹងមិនច្រណែនជាមួយគ្រូៗនោះទេ ព្រោះកូនចៅរបស់កងកម្លាំងប្រដាប់អាវុធ ក៏ត្រូវការគ្រូៗបង្រៀនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញថា ការដឹកនាំប្រទេសមួយមិនមែនជាការងាយស្រួលនោះទេ គឺត្រូវគិតគូរគ្រប់បែបយ៉ាងទាំងអស់ ដោយសម្តេចបានប្រៀបថា សក់មួយសរសៃត្រូវច្រៀកជា ១ពាន់ចំណែក។
* សម្តេចតេជោ ហ៊ុន សែន បានសរសើរក្រសួងអប់រំ ដែលបានប្រឹងប្រែងចាត់ចែងបើប្រាក់បៀវត្សរ៍ជូនគ្រូៗបានទាន់ពេលវេលាមិនមាន ភាពយឺតយ៉ាវ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នាយករដ្ឋមន្រ្តី ដែលលំបាកជាងគេ គឺនាយករដ្ឋមន្រ្តីអត់សាច់ប្រាក់ ហើយនាយករដ្ឋមន្រ្តីសប្បាយ ចិត្តជាងគេ គឺនាយករដ្ឋមន្រ្តីមានសាច់ប្រាក់សម្រាប់ចំណាយលើវិស័យផ្សេងៗ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសប្បាយរីករាយនៅពេលបានដើរចុះជួបសិស្សានុសិស្ស និងគ្រូៗ នៅទូទាំងប្រទេសនាពេលកន្លងមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានប្តេជ្ញាថា ក្នុងជីវិតរបស់សម្តេចមិនអនុញ្ញាតឲ្យកូនខ្មែរជួបវាសនាអាក្រក់ខ្វះការសិក្សាអប់រំ ដូចជំនាន់សម្តេចនោះឡើយ។
* នៅរសៀថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំពិធីជប់លៀងជូនគរុសិស្ស និស្សិត ដែលទើបបញ្ចប់ការសិក្សា ដោយចំណាយថវិកាប្រមាណ៤៤លានរៀល។ សម្តេចតេជោ ក៏បានឧបត្ថម្ភសម្រាប់គរុសិស្ស និស្សិតនេះ ទៅលេងកម្សាន្តនៅប្រាសាទអង្គរ ខេត្តសៀមរាបផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋត្រូវបើកបរដោយគោរពច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៥ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដែលរត់ក្នុងរាជធានីភ្នំពេញទាំង ៥៧គ្រឿង នឹងមិនគិតថ្លៃនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ទទួលគ្រប់គ្រងសាលាក្តីកាត់ទោសខ្មែរក្រហម ជំនួសសម្តេចវិបុលបញ្ញា សុខ អាន ហើយក្រុមការងារនៅដដែលបង្កើនមនុស្សខ្លះ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា អាជ្ញាធរអប្សរា និងអាជ្ញាធរព្រះវិហារ ត្រូវបានផ្ទេរឲ្យទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ត្រូវតែងតាំងជាប្រធានអាជ្ញាធរអប្សរា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចដាក់គណៈកម្មការបេតិកភណ្ឌ និងយូណេស្កូ ក៏ត្រូវបានប្រគល់ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
* ដោយឡែកគណៈកម្មការផ្លូវដែក ត្រូវបានប្រគល់ទៅឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រង។
* សម្រាប់ប្រធានកាយរិទ្ធវិញ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចដាក់លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជំនួសសម្តេចវិបុលបញ្ញា សុខ អាន។
* សម្រាប់គណៈកម្មការវិស្វកម្មវិញ ត្រូវបានសម្តេចតេជោ ហ៊ុន សែន យកទៅដាក់នៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោក ផៃ ស៊ីផាន មានគុណសម្បត្តិច្រើនហើយ តែលោកថា លោកមានការសោកស្តាយចំពោះការ អត្ថាធិប្បាយដែលខុសការពិតនាំឲ្យមានការយល់ត្រឡំ ចំពោះតួនាទីរបស់សម្តេចវិបុលបញ្ញា សុខ អាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ មានអត្ថប្រយោជន៍ថ្មីជាច្រើន នឹងចាប់ផ្តើមអនុវត្ត សម្រាប់ប្រជាពលរដ្ឋដូចជាការបញ្ចុះអត្រាការប្រាក់ ការបញ្ចុះតម្លៃអគ្គិសនី ការបញ្ចុះតម្លៃទឹក ខណៈប្រាក់បៀវត្សរ៍មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ក៏នឹងត្រូវបានដំឡើងផងដែរ។