FN ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានរំលឹកអំពីស្នាដៃធំៗមួយចំនួនរបស់ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការបម្រើជាតិមាតុភូមិ។
លោក ផៃ ស៊ីផាន បានរំលឹកយ៉ាងដូច្នេះថា៖
«ជាងដប់ឆ្នាំ ដែលមានឱកាសការងារ ជាមួយ សម្តេចវិបុលបញ្ញា សុខ អាន ខ្ញុំជាមួយមន្ត្រីដទៃទៀត គឺយល់ប្រាកដថា ទទួលចំណេះដឹង ទូលំទូលាយនូវនយោបាយ គោលការណ៏ យុទ្ធសាស្រ្ត និង ជំហានយកប្រៀប និងការគ្រប់ គ្រងស្ថានភាពជាដៃគូរ នោះរាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
នៅក្នុងវិវាទការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សម្តេចវិបុលបញ្ញា សុខ អាន មិនត្រឹមតែទទួលបាន ជោគជ័យប៉ុណ្ណោះទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានផ្តល់ងារដល់សម្តេចថា «ជាអ្នកការទូតប្រកបដោយវិជ្ជាជីវៈខ្ពស់» នៅក្នុងវិស័យចរចា បញ្ហាព្រំដែនសមុទ្រ និងវិស័យសហប្រតិបត្តិការណ៍ជាមួយនិងរាជរដ្ឋាភិបាលថៃ សម្តេចទទួលបាននូវការទទួលស្គាល់ និងកោតសសើរពីភាគីថៃថា «ជាអ្នកប៉ិនប្រសព្វជាមួយនិងវិជ្ជាជីវៈខ្ពស់ប្រកបដោយភាពថ្លៃថ្នូរ» នោះមិនគិតដល់ភាគីបរទេសដទៃទៀតនោះឡើយ ។ សហប្រធាន គណៈកម្មាធិការសម្របសម្រួល អន្តរជាតិការងារអភិរក្ស និងការពារឧទ្យានអង្គរ ICC ANGKOR បានប្រសិទ្ធនាមដល់សម្តេចថា ជាប្រធានភាគីកម្ពុជា «ជាអ្នកដឹកនាំប្រកបដោយភាពអត់ធ្មត់ខ្ពស់ សកម្មភាព និងមានភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ឥស្សរភាព» ដែរអង្គការUNESCO បានយកឧទាហណ៍នេះធ្វើជាគំរូការងារក្នុងវិស័យនេះជាទិសដៅការងារអន្តរជាតិ។
ដូចនេះខ្លួនខ្ញុំផ្ទាល់ក៏ដូចមន្រ្តីដទៃទៀតផងដែរ នៅក្នុងទីស្តីការគណៈរដ្ឋមន្រ្តី គឺមិនត្រឹមតែបំរើការងារផ្ទាល់ជាមួយសម្តេចវិបុលបញ្ញា សុខ អាន នោះទេ គឺយើងទាំងអស់គ្នាទទួលបាន នូវបទពិសោធដ៏ធំធេង និងគ្មានតម្លៃណាមួយអាចប្រៀបផ្ទឹមបាន នោះឡើយ។
នេះជាគុណវុទ្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។
បើសិនជាគ្មានសម្ដេចវិបុលបញ្ញា សុខ អាន ម្ល៉ោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងរឿងក្ដីប្រាសាទព្រះហារក៏កម្ពុជាមិនអាចឈ្នះក្ដីនៅតុលាការ យុត្តិធម៌អន្ដរជាតិដែរ ជាពិសេសតំបន់ប្រាសាទព្រះវិហារ និងប្រាសាទព្រះវិហារ ក៏មិនក្លាយទៅជាបេតិកភណ្ឌអន្ដរជាតិបានដែរ។
បើគ្មានសម្ដេចវិបុលបញ្ញា សុខ អាន ដែលបានបង្កើតឱ្យមាននូវអាជ្ញាធរជាតិអប្សរាទេ ក៏ប្រាសាទអង្គរវត្តក៏មិនអាចទទួល បាននូវកំណើនភ្ញៀវទេសចរអន្ដរជាតិជាច្រើនលាននាក់ដែរ។ ស្នាដៃធំៗដែលសម្ដេចវិបុលបញ្ញា បានធ្វើដើម្បីជាតិ គឺសម្ដេចជាស្ថាបនិកបង្កើតឱ្យមាននូវសាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិតសភា និងវិជ្ជាជីវៈតុលាការ អាជ្ញាធរប្រេងកាត។ នេះជាសមិទ្ធផលដែលមិនអាចកាត់ថ្លៃបានឡើយ។ ហើយម្យ៉ាងនេះក៏ជាស្នាដៃមួយដែល សម្រាប់ខ្មែរជំនាន់ក្រោយ។
សម្ដេចវិបុលបញ្ញា សុខ អាន ក៏បានលះបង់កម្លាំងកាយចិត្ត ក្នុងការតតាំងក្ដីជាមួយនឹងក្រុមហ៊ុនដ៏ល្បីរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរឿងក្បាលអ្នកតារបស់ខ្មែរ រហូតដល់សម្ដេចឈ្នះក្ដី និងបានប្រគល់ជូនកម្ពុជាវិញផងដែរ។
ដូច្នេះគ្រាន់តែរៀបរាប់នូវគុណតម្លៃដ៏ថ្លៃថ្លាទាំងនេះ គឺលោកសាកសមណាស់នឹងទទួលបាននូវគោរមងារនេះ ជាពិសេសក៏ត្រូវបានប្រវត្តិសាស្ដ្រកម្ពុជាកត់ត្រាទុកផងដែរ។ យើងសូមគោរពចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ!!!!
សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពនៅវេលា ម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។