DAP News ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលដែលទីភ្នាក់ងារ ស៊ើបការសម្ងាត់អាមេរិក (CIA) លួចយកឯកសារសំងាត់ និងលួចតាមដានយកសារតាមប្រព័ន្ធ WhatsApp គ្មានអ្នកណាម្នាក់និយាយថា អាមេរិកខុសច្បាប់នោះទេ ប៉ុន្តែនៅពេលដែលកម្ពុជា បានបែកធ្លាយសំឡេងតាមរយៈ ទូរស័ព្ទរបស់បក្សប្រឆាំងទាំងអ្នកវិភាគ និងពួកបក្សប្រឆាំង ផ្ទាល់សុទ្ធតែអះអាងថា ខុសច្បាប់ ។ ក្នុងឱកាសអញ្ជើញ បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសិរីសាគរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ បានថ្លែងថា អាមេរិកបានលួច ស្តាប់ទូរស័ព្ទរបស់គេ និងចាប់យកសារតាមរយៈ ការបញ្ជូនតាមប្រព័ន្ធ WhatsApp ព្រោះគេយកតាមផ្កាយរណប ។ សម្តេចថា បើចង់លុបបំបាត់នូវ ករណីទាំងអស់នេះ ទាល់តែបណ្តាប្រទេស មហាអំណាចក្នុងពិភពលោក ឈប់ផលិតឧបករណ៍ ចាប់យកសំឡេង ។ សម្តេចតេជោសង្កត់ធ្ងន់ថា ភាគច្រើនការនិយាយគ្នា តាមទូរស័ព្ទគឺគេចាប់យកសំឡេង ។ ប៉ុន្តែកម្ពុជានៅពេល បែកធ្លាយសំឡេងអ្វីមួយ ដែលនិយាយតាមទូរស័ព្ទ ក្រុមបុគ្គលមួយចំនួន បាននិយាយថា គឺខុសច្បាប់ ។ តែចំឡែកអាមេរិកពេលបែកធ្លាយ គ្មានអ្នកណាម្នាក់ហ៊ានជេរពួក CIA ថាខុសច្បាប់នោះទេ ហើយ CIA នេះ គឺពួកគេបានលួចស្តាប់ ពួកមេដឹកនាំអឺរ៉ុប និយាយគ្នាផងដែរ ។ សម្តេចបញ្ជាក់ថា “នៅស្រុកយើងបែកធ្លាយ សំឡេងតាមទូរស័ព្ទ ខុសច្បាប់ទាំងអស់ ។ គ្មានអ្នកហ៊ានជេរអាមេរិកាំង និងCIA ថាខុសច្បាប់” ។ សូមបញ្ជាក់ថា គេហទំព័រ Wikileaks បានទំលាយឲ្យដឹងថា CIA អាចមានលទ្ធភាពជិត ១០០រយភាគរយ ក្នុងការចាប់យក ព័ត៌មានសំងាត់ផ្សេងៗ ៕
Share this post