FN ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍សោកសៅ និងនឹករលឹក ដល់អ្នកម្តាយជាទីស្រឡាញ់ ដែលបានទទួលមរណភាព១៩ឆ្នាំកន្លងមកហើយ។
សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែការនឹករលឹក ដល់ម្តាយជាទីស្រឡាញ់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ភ្ញាក់ពីដំណេកតាំងពីមុនម៉ោង៣ទៀបភ្លឺ។ ម៉ោងនេះហើយ ដែលម្តាយសម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៩៨។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍សោកសៅយ៉ាងដូច្នេះថា «ថ្ងៃនេះជាខួបលើកទី១៩ឆ្នាំ នៃថ្ងៃមរណភាពម្តាយខ្ញុំ (១០ មីនា ១៩៩៨-១០ មីនា ២០១៧)។ កើតចាស់ ឈឺ ស្លាប់ជារឿងធម្មតារបស់មនុស្ស តែខ្ញុំពិតជានឹកដល់ម្តាយជាទីគោរពស្រឡាញ់របស់ខ្ញុំ រហូតធ្វើឲ្យខ្ញុំភ្ញាក់ពីដំណេក តាំងពីមុនម៉ោង៣ទៀបភ្លឺ ដែលជាពេលវេលាម្តាយខ្ញុំចែកឋាននាពេលនោះ»។
សម្តេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា «ប្អូនៗ កូនៗ ក្មួយៗរបស់ខ្ញុំរៀបចំពិធីបុណ្យនៅហ្នឹងចេតីយរបស់ម្តាយ និងឪពុករបស់ខ្ញុំ។ សំរាប់ខ្ញុំថ្ងៃនេះត្រូវចូលរួមកាត់ឫសសីមាព្រះវិហារនៅវត្តក្នុង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមឧទឹ្ទសកុសលទាំងអស់ដែលកូនៗ និងចៅៗបានធ្វើជូនចំពោះវិញ្ញាណក្ខន្ធម៉ែ។ នេះជារូបថតគ្រួសារកាលឆ្នាំ១៩៧៩ ដែលម្តាយរបស់ខ្ញុំឈរនៅទី២ បន្ទាប់ពីឪពុកខ្ញុំដោយរាប់ពីឆ្វេងទៅស្តាំ»៕