FN ៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោ ស្រពកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ក្នុងឱកាសអបអរសាទរខួបលើកទី១០៦ឆ្នាំ នៃទិវាអន្តរជាតិនារី ៨ មីនា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះការប្រារព្ធ ទិវានារីអន្តរជាតិក្រោមប្រធានប្រធាន «ស្រ្តីដើម្បីសន្តិភាព និងវឌ្ឍនភាព» ព្រោះបានឆ្លុះបញ្ចាំងពីតម្លៃនៃការចូលរួមរបស់ស្រ្តី ក្នុងការចូលរួម ថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពរបស់សង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា តាមរយៈប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃសន្តិភាពផងដែរ ព្រោះបើគ្មានសុខសន្តិភាពទេ កម្ពុជា ក៏គ្មានការអភិវឌ្ឍផងដែរ។
* សម្តេចតេជោ បានថ្លែងថា ចាប់តាំងឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូនកងទ័ពក្រោមទង់អង្គការសហប្រជាជាតិ ទៅរក្សាសុខសន្តិភាព នៅតាមបណ្តា ប្រទេសនានាលើពិភពលោក បានចំនួន ៤,១៧៧នាក់ ដែលក្នុងនោះមានស្រ្តី ១៥១នាក់ ស្មើនឹងជាង ៣ភាគរយ។
* សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកខ្លាំងចំពោះស្រ្តី ហើយព្រោះតែការមើលឃើញពីតម្លៃរបស់ស្រ្តី រាជរដ្ឋាភិបាលបានចេញ សារាចរណ៍លុបចោលការយកថ្លៃភាស៊ី ពីការលក់ដូរតាមកញ្ច្រែង ល្អី ដំឡើងប្រាក់ឈ្នួលដល់កម្មករ កម្មការិនីកាត់ដេរ និងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់ស្រ្តី រួមទាំងការប្រយុទ្ធប្រឆាំងចំពោះការជួញដូរស្រ្តីជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ កុំអល់អែកក្នុងការដាក់កញ្ចប់ថវិកាក្នុងការលើកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ នូវការកំណត់ឲ្យមានអភិបាលរងខេត្តជាស្រ្តី តែបច្ចុប្បន្នមិនទាន់មាន អភិបាលខេត្ត ឬអភិបាលរាជធានីជាស្រ្តីនៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការរៀបចំកំណត់ខេត្តណាមួយដាក់ស្រ្តីជាអភិបាលខេត្ត ហើយបើបានពីរខេត្តរឹតតែល្អ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងជំរុញឲ្យដាក់បេក្ខភាពស្រ្តីក្នុងតួនាទីសំខាន់ៗនៅតាមក្រសួង ស្ថាប័ននានារបស់រដ្ឋផងដែរ។
* សម្តេតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការដាក់បេក្ខភាពស្រ្តី ជាអគ្គមេបញ្ជាការរង ជានាយសេនាធិការរង ទន្ទឹមនោះអង្គភាពកងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្ត ក៏គួរមានស្រ្តី ឈរនៅតំណែងរងផងដែរ។ តែទោះជាយ៉ាងណាសម្តេច បានស្នើឲ្យស្រីទាំងអស់ពង្រឹងសមត្ថភាពខ្លួនដើម្បីកាន់នូវ តំណែងធំៗទាំងអស់នោះ។