FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣,១៥០នាក់ នៅសាលមហោស្រពកោះពេជ្រ។
និស្សិត ដែលនឹងត្រូវទទួលសញ្ញាបត្រនេះរួមមាន កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)។ វិទ្យាស្ថានវ៉ាន់ដា គឺជាវិទ្យាស្ថានឈានមុខ និងមានកេរ្តិ៍ឈ្មោះល្បីមួយនៅកម្ពុជាលើការបណ្តុះបណ្តាលជំនាញគណនេយ្យដល់និស្សិតកម្ពុជា។
ខាងក្រោមនេះជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការប្រគល់សញ្ញាបត្រអាចនឹងលើកមករៀបចំនៅពេលរសៀលជំនួសវិញ ដោយសារតែសម្តេចមានកម្មវិធីច្រើន ត្រូវធ្វើ។ សម្តេចនាយករដ្ឋមន្រ្តីថា ការចែកសញ្ញាបត្រពេលព្រឹក និងពេលល្ងាចនាពេលបច្ចុប្បន្នមិនខុសគ្នានោះទេ ព្រោះធ្វើឡើងនៅក្នុងអគារ ក្រោមម៉ាស៊ីនត្រជាក់ដូចគ្នា ដែលមិនដូចពីអតីតកាលការធ្វើចែកសញ្ញាបត្រធ្វើនៅតាមវាល ដោយសង់រោងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក្រៅពីការអបអរសាទរ និងរីករាយជាមួយនិស្សិតជយលាភីប្រមាណ៣១៥០ហើយនោះ សម្តេចក៏បានបង្ហាញការអបអរសាទរផងដែរ ចំពោះវឌ្ឍនភាពរបស់វិទ្យាស្ថានវ៉ាន់ដា លើការអប់រំនេះ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើទៅដល់និស្សិតទាំងអស់ បើទោះបីបានទទួលសញ្ញាបត្រទៅហើយក្តី ត្រូវតែបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ព្រោះការអប់រំគ្មានទីបញ្ចប់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថា មិនត្រូវធ្វើជាអ្នកអភិរក្សលើការរៀនសូត្រនោះឡើយ។ សម្តេចថា ក្រុមអ្នកអភិរក្សលើការអប់រំនេះ គឺជាមហន្តរាយមួយសម្រាប់ជីវិត។
* សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ថា ប្រសិនបើប្រទេសជាតិមានសង្រ្គាម នឹងមិនអាចធ្វើឲ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ មានឱកាសអភិវឌ្ឍន៍ជីវភាពឲ្យរីកចម្រើននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានហៅរាល់មនុស្សទាំងឡាយ ដែលបំភ្លេចអតីតកាល ដែលសម្តេចសំដៅដល់ទុក្ខវេទនារបស់ប្រជាពលរដ្ឋ ក្នុងពេលប្រទេសជួបភ្លើងសង្រ្គាមនោះ គឺជាមនុស្សជាប្រភេទសត្វតិរិច្ឆាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រាំនាំមកនូវសុខសន្តិភាពគ្របដណ្តប់ពេញផ្ទៃប្រទេសនេះ គឺមានការលំបាកខ្លាំងណាស់។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកទៅដល់ប្រជាពលរដ្ឋខ្មែរថា រឿងសាមកុករបស់ប្រទេសចិន ក៏មិនខុសពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាដែរ គឺប្រទេសតែមួយ តែមានតំបន់ត្រួតត្រាច្រើន ដែលធ្វើឲ្យខ្មែរបែកបាក់គ្នា។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីប្រវត្តិសាស្រ្តខ្មែរ ក្នុងសម័យរាជវង្សពីអតីតកាល ហើយក៏លើកឡើងពីការបែកបាក់របស់ខ្មែរក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលក្រុម លន់ នល់ និងខ្មែរក្រហមជាដើម។
* សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសដាច់ណាត់ថា មិនអនុគ្រោះដល់អ្នកប្រមាថកូនប្រុសរបស់សម្តេច និងភរិយារបស់សម្តេចថា
* សម្តេចតេជោ ហ៊ុន សែន បានព្រមានជាថ្មីថា មេដឹកនាំបក្សប្រឆាំង និងជនទាំងឡាយ ដែលបានចោទភរិយា និងកូនសម្តេចជា នារីកំណាន់ និងជាកូនមេដឹកនាំវៀតណាម ឡេ ឌឹកថូ នោះ គឺសម្តេចមិនអត់ឱនឲ្យនោះឡើយ ប្រសិនបើគ្មានការលុបលាងណាមួយឲ្យសម្តេច អាចទទួលបានទេនោះ។
* សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា សម្តេចនឹងទម្លាយសាររបស់លោក ម៉ៅ មុនីវណ្ណ ដែលបានបង្ហាញសារថា លោក សម រង្ស៊ី បានចោទប្រកាន់ភរិយា និងកូនរបស់សម្តេចជាមេដឹកនាំវៀតណាម របស់លោក ឡេ ឌឹកថូ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានធ្វើរឿងច្រើនណាស់សម្រាប់លោក សម រង្ស៊ី បើទោះបីលោក សម រង្ស៊ី ធ្លាប់បានដាក់ ចេញនយោបាយ «មាន សែន អត់ស៊ី មានស៊ី អត់សែន» ក៏ដោយនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សម រង្ស៊ី គឺជាអ្នកដាក់ចេញនូវនយោបាយ «មាន សែន អត់ស៊ី មានស៊ី អត់សែន»។
* សម្តេចតេជោ បានថ្លែងថា លោក សម រង្ស៊ី ជាអ្នកដែលតែងតែប្រមាថចំពោះសម្តេច ដែលក្នុងនោះហៅថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សុទ្ធតែជាចោរលក់ជាតិ ហើយសម្តេចជាអ្នកលក់ខ្លាំងជាងគេ។
* សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជាសាធារណៈថា ផែនការរៀបចំឲ្យលោក កឹម សុខា ឡើងកាន់តំណែងប្រធានបក្ស គឺជាផែនការរបស់សម្តេច, ពាក់ព័ន្ធការទម្លាយសារ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រសិនបើលោក ម៉ៅ មុនីវណ្ណ ហ៊ានចេញមកបដិសេធ សម្តេចនឹងទម្លាយសារឆ្លើយឆ្លងទាំងអស់តែម្តង។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រទេសមានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវឌ្ឍនភាពជា បន្តបន្ទាប់។