KSP ៖ លោកហ៊ុន ម៉ាណែត បានហួសចិត្ត និងអស់ចំណើចខ្លាំង ទៅលើសារព័ត៌មានមួយឈ្មោះ «ដើមត្នោត» ដែលបានចុះផ្សាយថា លោកមានជំនួយការដល់ទៅជាង២០នាក់ ហើយពាក់សុទ្ធតែស័ក្តិ៥ ។
ខណៈលោកហ៊ុន ម៉ាណែត បានចុះពីលើយន្តហោះភ្លាម កាលពីវេលាម៉ោង០១រំលងអធ្រាត្រថ្ងៃទី២៣ កុម្ភៈ ដោយលោកបានបើកទូរស័ព្ទមើលក៏ភ្ញាក់ព្រើត ព្រោះមានមិត្តម្នាក់គាត់ផ្ញើព័ត៌មានប្លែកមួយថ្មី ដែលសារព័ត៌មានដើមត្នោតបានសរសេរ ហើយយកមកចុះលើគេហទំព័ររបស់គាត់ថា «ខ្ញុំមានជំនួយការដល់ទៅជាង២០នាក់ ហើយពាក់សុទ្ធតែស័ក្តិ៥» ។
អានភ្លាម ខ្ញុំផ្ទុះសំណើចហើយគ្រវីក្បាល រហូតដល់អ្នកដើរក្បែរងាកមើល ព្រោះវាជាព័ត៌មានមួយថ្មី ដែលធ្វើឱ្យខ្ញុំអស់សំណើច សើចដោយហួសចិត្ត ។ ពេលជាមួយគ្នា ខ្ញុំក៏ឆ្ងល់ថា តើជំនួយការរបស់ខ្ញុំស័ក្តិ៥ ទាំង២០នាក់ជាងនោះ មកពីណា ហើយមានឈ្មោះអ្វីខ្លះ? ខ្ញុំក៏បន្តអានអត្ថបទដែលបានចុះនោះ ២ ទៅ៣ដង ហើយខំប្រឹងមើលថា តើមានអ្វីដែលឆ្លើយនឹងការងឿងឆ្ងល់របស់ខ្ញុំខាងលើទេ ពោលគឺមានបង្ហាញជាមូលដ្ឋាននូវឯកសារអ្វីច្បាស់លាស់ទេ ក្រែងខ្ញុំភ្លេច ។ ប៉ុន្តែអានប៉ុន្មានដង ក៏មិនឃើញមានអ្វីដែលសារព័ត៌មានដើមត្នោតបង្ហាញអ្វីជាភស្តុតាងច្បាស់លាស់ ក្រៅតែពីនិយាយចោលថា ខ្ញុំមានជំនួយការជាង២០នាក់ដែលសុទ្ធតែជាសក្តិ៥ ។
ដើម្បីឱ្យខ្ញុំបានអស់ចម្ងល់ ក៏ដូចជាឱ្យអ្នកអានព័ត៌មានដើមត្នោតបានឃើញការពិត ខ្ញុំសូមអោយសារព័ត៌មានដើមត្នោត មេត្តាជួយបង្ហាញឈ្មោះជំនួយការសក្តិ៥ របស់ខ្ញុំទាំងជាង២០នាក់នោះផង និងសូមបង្ហាញឯកសារតែងតាំងក្រុមជំនួយការនោះផង ដូចដែលបានយកឯកសារតែងតាំងខ្ញុំមកបង្ហាញអញ្ចឹង។
បើបានដូច្នេះ នឹងជួយឱ្យខ្ញុំអស់ឆ្ងល់ និងឱ្យបងប្អូនអ្នកតាមដានព័ត៌មានដើមត្នោត បានទទួលភាពកក់ក្តៅពីសារព័ត៌មាននេះថា ជាសារព័ត៌មានមួយ ដែលអាចទុកចិត្តបាន មិនមែនចេះតែចុះផ្សាយព័ត៌មាន ដោយអត់មានការទទួលខុសត្រូវ ឬដោយគ្មានមូលដ្ឋាន ភស្តុតាង ឯកសារច្បាស់លាស់នោះទេបាទ ។
ប៉ុន្តែបើមិនអាចបង្ហាញភស្តុតាងនោះទេ ខ្ញុំសូមឱ្យសារព័ត៌មានដើមត្នោត ធ្វើនូវការងារមួយដែលសារព័ត៌មានដែលមានលក្ខណ:ជាអាជីព និងមានការទទួលខុសត្រូវខ្ពស់ គួរធ្វើនោះ គឺកែសម្រួលខ្លឹមសារព័ត៌មានរបស់ខ្លួន និងទទួលស្គាល់ការពិតថា ខ្លួនមិនមានឯកសារ ឬភស្តុតាងគ្រប់គ្រាន់ ដើម្បីជាមូលដ្ឋានសម្រាប់ព័ត៌មានដែលខ្លួនបានចុះផ្សាយនោះទេ ។
ខ្ញុំជឿថា បងប្អូនជាច្រើននាក់ប្រាកដជាសង្ឃឹមដូចខ្ញុំដែរថា សារព័ត៌មានដើមត្នោតនឹងឆ្លើយតបជាមិនខានទៅនឹងសំណូមពររបស់ខ្ញុំ ព្រោះពេលនោះយើងទាំងអស់គ្នានឹងបានដឹងការពិត ហើយក៏អាចឃើញថា សារព័ត៌មានដើមត្នោត ជាសារព័ត៌មានប្រភេទណា ។ សូមអរគុណទុកជាមុន ៕