FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាថ្មីម្តងទៀត បានសរសេររៀបរាប់នូវទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា ព្រាត់ប្រាស់ប្រពន្ធកូន ដោយសារតែសង្គ្រាម នៅក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលសស់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ជាខួបលើកទី៣៨ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០១៧) នៃថ្ងៃដែលសម្តេចតេជោ បានជួបជុំភរិយា និងកូនប្រុសវិញ។
ក្រៅតែពីការរៀបរាប់ក្តីឈឺចាប់ ទឹកភ្នែកហូររាប់លានដំណក់ ក្នុងសម័យសង្គ្រាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ ប្រកាសអះអាងការពារសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ៖ «ទោះតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន និងមិនត្រូវអត់ឱនអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព និងបង្កឱ្យមានចលាចល»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃ ២៤ កុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ជាខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺចាប់ជាមួយទឹកភ្នែករាប់លានដំណក់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧។ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្តម្ខាង គឺប្រជាជនរាប់លាននាក់ ដែលត្រូវពួក ប៉ុល ពត កាប់សម្លាប់ ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯង ជាមួយកូនក្នុងផ្ទៃជាង៥ខែ។ (ខ្ញុំសរសេរផ្សព្វផ្សាយខ្លះរួចមកហើយ) នៅត្រង់វគ្គព្រាត់គ្នានេះ។
ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនស្ទើរទូទាំងប្រទេសប្បាយរីករាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យពូជសាស្ត្រ ប៉ុល ពត។ ខ្លួនខ្ញុំពិតមែនតែរីករាយ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា (នៅរស់ឬស្លាប់) ធ្វើឱ្យខ្ញុំបន្តស្រក់ទឹកភ្នែកមិនឈប់។ ៤៧ថ្ងៃដែលភរិយាខ្ញុំ សម្ងំលាក់ខ្លួន ដើម្បីសុវត្ថិភាពជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។ ថ្ងៃ២៤ កុម្ភៈ ឆ្នាំ ១៩៧៩ ពេលបានជួបជុំគ្នាឡើងវិញ យើងពិតជាសប្បាយចិត្តខ្លាំងណាស់ តែមិននឹកស្មានថា ម៉ាណែត ដែលមិនស្គាល់ឪពុករារាំងខ្ញុំ និងភរិយាខ្ញុំ មិនឱ្យនៅក្បែរគ្នា រហូតដល់២ខែទៀត។
ខ្ញុំពិតជាតក់ស្លុតនៅពេល ម៉ាណែត ហៅខ្ញុំថា ពូ និងបណ្តេញខ្ញុំចេញពីម្តាយគេរយៈពេល២ខែ។ រៀងរាល់យប់ខ្ញុំត្រូវរង់ចាំ ម៉ាណែត គេងលក់សិនទើបហ៊ាន ទៅសំរាកជាមួយម្តាយគេ។
នេះហើយជារសជាតិនៃការនិរាសព្រាត់ប្រាស់ ដោយសារសង្គ្រាម។ រឿងរបស់ខ្ញុំគឺជារឿងតូចមួយ ក្នុងចំណោមរឿងដែលបានកើតឡើង សំរាប់ប្រជាជនកម្ពុជា នាដំណាក់កាលសង្គ្រាម និងរបប ប៉ុល ពត។ ទោះពេលវេលាបានកន្លងហួសរាប់សិបឆ្នាំហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងកូនទី១ស្លាប់ និងការបែកគ្នារហូតកូន មិនស្គាល់ឪពុកទឹកភ្នែកខ្ញុំ នៅតែបន្តហូរមកដោយមិនដឹងខ្លួន។ ដោយតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន និងមិនត្រូវអត់ឲ្យឲ្យអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព និងបង្កឱ្យមានចលាចល»៕