FN ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយទៀត នៅក្នុងទឹកដីខេត្តកណ្តាល។
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ដែលជាស្ពានប្រវត្តិសាស្រ្តថ្មីមួយទៀតនៅលើទឹកដីខេត្តកណ្តាលនេះ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ មានប្រវែង ៤១៥ម៉ែត្រ និងមានទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ស្ពាននេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយត្រូវបានចាក់បេតុងតភ្ជាប់នៅថ្ងៃទីទី០៨ ខែសីហា ឆ្នាំ២០១៦ និងត្រូវបានសាងសង់ បញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៦។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយសមិទ្ធផលថ្មីលើទឹកដីចាស់នេះ ជួយសម្រួល និងដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ។ ជាពិសេសបានឲ្យប្រជាពលរដ្ឋខ្មែរដែលមានវ័យចំណាស់ៗមិនដែលបានឃើញស្ពានឆ្លងទន្លេនោះ។ សម្តេចតេជោ ក៏ស្នើឲ្យចៅៗដឹកយាយ តាចាស់ៗមកទស្សនាស្ពាននេះ ដើម្បីបានឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។
* សម្តេចតេជោ ហ៊ុន សែន អរគុណដល់ក្រសួងសាធារណការ និងប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ បានរួមគ្នាអធ្យាស្រ័យ និងយោគយល់ចំពោះការ សាងសង់ស្ពាននេះ។
* ឆ្លើយតបនិងអ្នកលេង Facebook ឆ្ងល់ថា សម្តេចមើលតែទូរស័ព្ទនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការកាន់ទូរស័ព្ទនេះ ដើម្បីតាមដានព័ត៌មាន និងស្ថានការណ៍ផ្សេងៗ ព្រមទាំងទាក់ទងការងារតាមសម័យបច្ចេកវិទ្យាទំនើប ហើយបើសម្តេចមិនកាន់ ឬមិនមើលទូរស័ព្ទទើបចម្លែក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បុគ្គលដែលដេកយល់សប្តិធ្វើនាយករដ្ឋមន្រ្តី មិនដែលបានដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋដូចសម្តេចនោះទេ ហើយក៏ប្រហែលមិនបានសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំនោះដែរ។
* សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យចៅៗនាំយាយតាមកលេងស្ពានកោះធំ ដើម្បីបានមើលសមិទ្ធផលស្ពានឆ្លងទន្លេ ដែលពួកគាត់មិនធ្លាប់បានឃើញ និងដើម្បីបានស្រូបយកខ្យល់អាកាសពីដងទន្លេផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង និងស្រុកកោះធំ ក្នុងអំឡុងពេលនៃការសាងសង់ផ្លូវជាតិលេខ២១ ព្រោះដំណាក់កាលនេះបានបង្កផលលំបាកសម្រាប់ប្រជាពលរដ្ឋ តែពេលសាងសង់រួចប្រជាពលរដ្ឋនៅតំបន់នេះនឹងទទួលបានប្រយោជន៍មុនគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននេះ មិនមែនត្រឹមតែជានយោបាយរបស់កម្ពុជា និងប្រទេសជិតខាងនោះទេ តែក៏ជានយោបាយរបស់ប្រទេសក្នុងតំបន់ផងដែរ។
* សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យចៅៗនាំយាយតាមកលេងស្ពានកោះធំ ដើម្បីបានមើលសមិទ្ធផលស្ពានឆ្លងទន្លេ ដែលពួកគាត់មិនធ្លាប់បានឃើញ និងដើម្បីបានស្រូបយកខ្យល់អាកាសពីដងទន្លេផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលសម្តេចដឹកនាំនៅតែបន្តនយោបាយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់។ នយោបាយអាទិភាពទាំង៤ រួមមាន៖ អភិវឌ្ឍន៍ធនធានមនុស្ស សំដៅការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាក់ទងស្ពាន និងផ្លូវ ផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយទឹកជូនប្រជាពលរដ្ឋសម្រាប់ស្រោចស្រប និងទទួលទាន ការផ្គត់ផ្គង់ថាមពលអគ្គិសនី។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា នយោបាយនេះត្រូវការរយៈពេល ៣០ឆ្នាំមកហើយ ហើយវានឹងត្រូវរយៈពេល៣០ឆ្នាំទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផែនទីខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន គឺត្រូវគ្នាជាមួយនិងគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្គត់ផ្គង់ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ទៅកាន់ខេត្តមួយចំនួនរបស់ប្រទេសចិនងាយស្រួល ជាងការផ្គត់ផ្គង់ពីប្រទេសចិន ព្រោះខេត្តទាំងនោះស្ថិតនៅឆ្ងាយពីទីក្រុងធំៗរបស់ប្រទេសចិន បើធៀបជាមួយបណ្តាប្រទេសជាប់ជាមួយចិន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ថ្ងៃទី០១ ខែមេសា អ្នកភ្ជាប់បណ្តាញអគ្គិសនីថ្នាក់ជាតិ បើប្រើប្រាស់ភ្លើងក្រោម ៥០គីឡូវ៉ាត់ គិតថ្លៃ ៦១០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ ហើយប្រើក្រោម១០គីឡូវ៉ាត់ចុះក្រោម អស់ថ្លៃ ៤១០រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការប្តឹងលោក កឹម សុខ ទាមទារសំណងកន្លះលានដុល្លារ ហើយប្រាប់សមត្ថកិច្ចតាមដានឲ្យជាប់កុំឲ្យរត់គេចខ្លួន។
* សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាជាឃាតកសម្លាប់លោក កែម ឡី គឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមកលើ គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅលោក កឹម សុខ កុំឲ្យចោទប្រកាន់សម្តេចថា ប្រើប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ឲ្យសោះ។ សម្តេចបញ្ជាក់ថា បើមិនប៉ះពាល់ និងចោទប្រកាន់សម្តេច ក៏មិនមានអ្នកប៉ះពាល់នោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកនយោបាយឲ្យចេះគោរពគ្នា តែបើមិនចេះគោរពគ្នាទេ ត្រូវចេះទទួលខុសត្រូវផ្នែករដ្ឋបវេណី និងក្រមព្រហ្មទណ្ឌ។
* សម្តេចនាយករដ្ឋមន្រ្តី ឆ្លើយតបទៅនឹងអ្នករិះគន់ថា ការប្តឹងលោក កឹម សុខ មិនមែនជាការប្រើអំណាចនោះទេ គឺប្រើប្រព័ន្ធច្បាប់ បើសម្តេចប្រើអំណាច សម្តេចបញ្ជាសមត្ថកិច្ចឲ្យទៅចាប់តាំងពីម្សិលមិញម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក កឹម សុខ រៀននៅស្រុកចិន ហើយស្នើចិនកុំឲ្យចេញអន្តរាគមន៍រឿងលោក កឹម សុខ គឺគ្មានផ្លូវនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យរួមគ្នាថែរក្សាសន្តិភាព ព្រោះគ្មានអ្វីសំខាន់ជាងសន្តិភាពនោះទេ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជា ឆ្លងកាត់ដំណាក់កាលច្រើនណាស់ មានដូចជាដំណាក់កាលរត់ចោលដីនៅក្នុងសម័យសាធារណរដ្ឋ ដែលជាសម័យអាមេរិកទម្លាក់គ្រាប់បែក តែសម័យក្រោយ ថ្ងៃរំដោះ៧ មករា ចេញពីរបបប៉ុលពត មកដល់សម័យបច្ចុប្បន្នជាសម័យ ដែលប្រជាពលរដ្ឋរត់រកដី។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យមានការលោតទឹកសម្លាប់ខ្លួនពីលើស្ពានកោះធំ និងត្រូវបើកបរដោយគោរពច្បាប់ចរាចរកុំឲ្យ មានការស្លាប់បាត់បង់ជីវិតព្រោះគ្រោះថ្នាក់ចរាចរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖១៩នាទីព្រឹកថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕