FN ៖ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយត្រូវបានលោក សម រង្ស៊ី ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក និងធ្វីតទ័រផ្លូវការរបស់ខ្លួននៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះដោយបានជូនដំណឹងអំពីការលាលែងរបស់លោកពីតំណែងជាប្រធាន និងជាសមាជិកភាពគណបក្សសង្គ្រោះជាតិ ដោយបានលើកឡើងពីមូលហេតុផ្ទាល់ខ្លួន។ ការលាលែងនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
នេះគឺជាលើកទី១ដែលគេបានឮពីមេបក្សប្រឆាំងនៅកម្ពុជា ហ៊ានលះបង់តំណែងប្រធានបក្ស ដែលខ្លួនតែងតែការពារជាយូរមកហើយ និងបញ្ចប់សមាជិកភាព របស់ខ្លួនពីគណបក្សនេះទៀត។ តើមានអ្វីនៅពីក្រោយការលាលែងនេះនិងតើលោក សម រង្ស៊ី នឹងដើរសេណារីយូអ្វីទៀតក្នុងជំហាន បន្ទាប់ដើម្បីសង្គ្រោះជីវិតនយោបាយរបស់គាត់?
ទី១៖ ការសម្រេចលាលែងពីតំណែងនេះធ្វើឡើង ខណៈសំណើរសុំធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានក្រុមតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជាបញ្ជូនទៅកាន់រដ្ឋសភា និងគ្រោងបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់នេះ ហើយចាប់ពីវិសោធនកម្មច្បាប់ចូលជាធរមាន ជនដែលមានទោសនឹង មិនត្រូវអនុញ្ញាតឱ្យធ្វើជាប្រធានគណបក្សនយោបាយទៀតឡើយ។ កាលដែលលោក សម រង្ស៊ី សម្រេចលាលែងពី តំណែងប្រធានគណបក្ស និងសមាជិកភាពគណបក្សសង្គ្រោះជាតិពេលនេះ អាចត្រូវបានលោក សម រង្ស៊ី គិតថាជាពេលវេលាដ៏ត្រឹមត្រូវមួយដើម្បីបង្ហាញ ពីភាពថ្លៃថ្នូរក្នុងនាមជាអ្នកនយោបាយ បង្ហាញពីភាពក្លាហាន និងការលះបង់ មិនស្រឡាញ់អំណាចនិងតំណែង និងដើម្បីទាក់ទាញក្តីអាណិតអាសូរ ពីអ្នកគាំទ្ររបស់ខ្លួន។
លោក សម រង្ស៊ី ក៏ចង់បង្ហាញថាខ្លួនគឺជា «ជនរងគ្រោះ» នៃស្ថានការណ៍នយោបាយបច្ចុប្បន្ន និងទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជាដែលគណបក្ស ប្រឆាំងតែងតែបង្ហាញមតិសាធារណៈថាជា«តួចិត្តអាក្រក់»។ អ្វីដែលលោក សម រង្ស៊ី សម្រេច ដូច្នេះគាត់អាចយល់ថា មានផលចំណេញច្រើនជាង រង់ចាំរហូតដល់ពេលច្បាប់ស្តីពីគណបក្សនយោបាយដែលធ្វើវិ សោធនកម្មចូលជាធរមាន ពេលនោះ លោក រង្ស៊ី អាចនឹងបាត់បង់ប្រយោជន៍ច្រើនជាងពេលនេះ ព្រោះអ្វីៗនឹងមានលទ្ធផលស្មើសូន្យ មិនអាចដាក់លក្ខខណ្ឌជាមួយក្រុមលោកកឹម សុខា បានឡើយ។
តែបើវិភាគបែបយោធា ការលាលែងតំណែងរបស់លោក សម រង្ស៊ី មុនការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺបង្ហាញថាលោក សម រង្ស៊ី គឺជាមេទ័ពដ៏កំសាកម្នាក់ដែលចុះចាញ់មុនចូលច្បាំង បង្កឱ្យកូនទាហានរបស់ខ្លួនចលាចលមិនដឹងមេកើយនៅឯណា និងធ្វើឱ្យកូនទាហានគណបក្ស សង្គ្រោះជាតិបាក់ទឹកចិត្ត អស់ជំ នឿទៅលើមេបក្សនេះកាន់តែខ្លាំងឡើងៗ។
ទី២៖ ហេតុអ្វីបានជាលោកសម រង្ស៊ី បញ្ជាក់ក្នុងមូលហេតុក្នុងលិខិតលាលែងរបស់ខ្លួនថា ដោយសារតែបញ្ហាផ្ទាល់ខ្លួន?
ការកំណត់មូលហេតុផ្ទាល់ខ្លួនគឺជាមូលហេតុមួយដែលមិនអាចនរណាសួរនាំបានព្រោះជារឿងបុគ្គល។ ប៉ុន្តែអ្វីដែលសំខាន់គឺការជាប់ពិរុទ្ធភាពរបស់ខ្លួន និងការការរួតរឹតដោយបណ្តឹងនៅតុលាការគឺជាមូលហេតុមួយដែលនាំឱ្យលោក សម រង្ស៊ី លាលែង។ ម្យ៉ាងទៀតការបង្កបញ្ហាពីមួយទៅមួយដោយលោកសម រង្ស៊ី អាចធ្វើឱ្យសមាជិក នៅក្នុងគណបក្សមិនសប្បាយចិត្តដោយសារតែនាំទុក្ខដល់អ្នកផ្សេងៗ និងបង្កបញ្ហាដល់ដំណើរការគណបក្សដោយ ក៏ព្រោះតែជាប់រវល់ នឹងរឿងក្តី គ្មានពេលចុះពង្រឹងគណបក្ស។ បញ្ហានេះ ក៏អាចជាសម្ពាធមួយដែរដល់លោក សម រង្ស៊ី ក្នុងការលាលែងនេះ។
ជាការគួរឱ្យកត់សម្គាល់ដែរ ការលាលែងរបស់លោកសម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិធ្វើឡើងតែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោក សម រង្ស៊ី បានទទួលស្គាល់ថាខ្សែអាត់សំឡេងដែលផ្សាយនៅលើទំព័រហ្វេសប៊ុក សីហា គឺជាសំឡេងរបស់គាត់។ តើនេះអាចជាសម្ពាធមួយទេដែលជំរុញឱ្យលោក សម រង្ស៊ី លាលែងចេញពីតំណែង ខណៈមេដឹកនាំគណបក្សនានានៅទ្វីបអឺរ៉ុបបានលាលែងពីតំណែងដូចគ្នាដែរ ដោយសារតែរឿងអាស្រូវផ្លូវភេទ។ រីឯ លោក សម រង្ស៊ី ត្រូវបានគេដឹងថា ជាមនុស្សប្រុសដែលខ្លាចប្រពន្ធបំផុត។ រឿងអាស្រូវផ្លូវភេទនេះអាចធ្វើឱ្យបញ្ហាគ្រួសារចាក់ស្មុគស្មាញក្នុងរឿងក្តីក្តាំបន្ថែមទៀត។
តែបើនេះជាមូលហេតុមួយនៃការលាលែងពីតំណែង គេគួរសរសើរលោកសម រង្ស៊ី ដែលហ៊ានទទួលស្គាល់ការពិត និងទទួលខុសត្រូវចំពោះមុខសីលធម៌ ជាគំរូសម្រាប់ថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិដែលមានរឿងអាស្រូវផ្លូវភេទ តែមិនហ៊ានទទួលស្គាល់ការពិត និងគេចវេសពីការទទួលខុសត្រូវ ដូចជាប្រធានស្តីទី កឹម សុខា លោកហូរ វ៉ាន់ លោក យឹម សុវណ្ណ លោករៀល ខេមរិន្ទ្រ លោក ឡុង រី និងចាន់ ចេង លោកស្រី ពត ពៅ ជាដើម។
ប៉ុន្តែទោះយ៉ាងណា ការលាលែងតំណែងនៅពេលនេះរបស់ លោក សម រង្ស៊ី អាចទទួលបានផលចំណេញច្រើនព្រោះ លោក សម រង្ស៊ី មិនអាចនឹងបណ្តោយ ឱ្យលោកកឹម សុខា គ្រប់គ្រងគណបក្សតែម្នាក់ឯង ខណៈសំឡេងគណបក្ស សង្គ្រោះជាតិដែលមានសព្វថ្ងៃគឺជាកេរតំណែលរបស់គណបក្សជាតិខ្មែរ និងគណបក្សសម រង្ស៊ីដែលលោកបានលះ បង់ក្នុងការកសាងអស់ជាង២០ ឆ្នាំមកហើយ។ ដូច្នេះលោក សម រង្ស៊ី មិនអាចលើកតំណែងប្រធានបក្ស និងកម្លាំង អ្នកគាំទ្រនេះដាក់លើជើងពានប្រគល់ជូនលោក កឹម សុខា ដោយស្រួលយ៉ាងដូច្នេះឡើយ។
ដូច្នេះការលាលែងតំណែងរបស់លោក សម រង្ស៊ី មើលមួយភ្លែតហាក់ដូចជាមែនទែន តែបើពិនិត្យឱ្យមែន ទែនទើបដឹងថាជាឆាកល្ខោនមួយដែលរៀបចំ ដោយលោក សម រង្ស៊ី ផ្ទាល់ និងបានបង្ហាញពីភាពកម្សោយក្នុងនាម ជាមេដឹកនាំបក្សនយោបាយដែលចុះចាញ់មុនការប្រកួត ធ្វើឱ្យសមាជិករបស់ខ្លួនជ្រួលច្របល់។ តើលោក សម រង្ស៊ី រៀបចំសេណារីយូអ្វីខ្លះនៅពីក្រោយឆាកល្ខោននៃការលាលែងពីតំណែងរបស់លោកនេះ?
ទី៣៖ កាលដែលលោកសម រង្ស៊ី ចេញលិខិតលាលែងពីតំណែងនៅពេលនេះក៏ជាការសាកល្បងចរន្តនៃការ គាំទ្ររបស់គាត់ក្នុងគណបក្សសង្គ្រោះជាតិដែរ។ តើមានគេហាមឃាត់ អង្វរករ និងស្នើសុំឱ្យគាត់បន្តដឹកនាំទៀតដែរឬទេ? នេះគឺជាការតថ្លៃមួយដើម្បីរៀបចំអនាគតនយោបាយរបស់គាត់ឡើងវិញ ក្រោយពីច្បាប់ស្តីពីគណបក្ស នយោបាយត្រូវបានធ្វើវិសោធនកម្មនាពេលខាងមុខ។ បទពិសោធនាពេលកន្លងទៅ មានរួចស្រាប់ហើយ គឺពេលលោក សម រង្ស៊ី សម្រេចចិត្តមកចូលរួមបង្កើតគណបក្សសង្គ្រោះជាតិជាមួយលោក កឹម សុខា នោះ លោក សម រង្ស៊ី បានកែប្រែលក្ខន្តិកៈគណបក្ស ដោយបើកផ្លូវឱ្យលោកធ្វើជាប្រធានគណបក្សវិញពេលណាលោកវិលមកគណបក្សនេះ។
លោក គង់ គាំ ឡើងធ្វើជាប្រធានគណបក្ស សម រង្ស៊ី មែនជាគ្រាន់តែជាប្រធានបក្សទីងមោងតែប៉ុណ្ណោះ។ ករណីនេះដូចលោក សឺន សូប៊ែរ្តិ៍ ប្រធានគណបក្ស សិទ្ធិមនុស្សដែរ តែអំណាចនៅតែក្នុងដៃរបស់លោក កឹម សុខាដដែល។ ដូចគ្នានេះដែរ លោក សម រង្ស៊ី អាចដាក់លក្ខខណ្ឌជាមួយលោក កឹម សុខា ថាពេលគាត់លាលែង គឺលោក កឹម សុខា ធ្វើជាប្រធានបក្ស ប៉ុន្តែនៅពេលណាដែលគាត់រួចពីទោសគឺលោកនឹងក្លាយជាប្រធានគណបក្សសង្គ្រោះជាតិដដែលវិញ។ នេះជាសេណារីយូទី១។
សេណារីយូទី២ អាចលោកស្រី ជូឡុង សាមូរ៉ា ភរិយាលោក សម រង្ស៊ី ឬលោក យឹម សុវណ្ណ ឡើងធ្វើជាប្រធានបក្សជំនួសព្រោះលោក សម រង្ស៊ី ព្រោះតំណែងប្រធានបក្សគឺជា កូតាត្រូវបានទៅលើក្រុមលោក សម រង្ស៊ី មិនអាចឱ្យទៅលោក កឹម សុខា ឬមនុស្សរបស់លោក កឹម សុខាឡើយ។
ចំណែកសេណារីយូទី៣ គឺទុកតំណែងប្រធានបក្សឱ្យនៅទំនេរ ហើយលោក កឹម សុខា នៅតែជាប្រធានគណបក្សស្តីទីដដែល តែត្រូវប្រឹក្សាយោបល់ពី ប្រធានបក្សស្រមោល សម រង្ស៊ី នូវរាល់ការងារទាំងឡាយ។ សេណារីយូនេះ លោក សម រង្ស៊ី ទោះបីជាបាត់បង់តំណែងជាប្រធាន ប៉ុន្តែដើរតួនាទីជាប្រធាន ក្រៅឆាក។ សេណារីយូទី១ និងទី៣ ត្រូវបានគេមើលឃើញថា អាចមានលទ្ធភាពអនុវត្តច្រើន។
ទី៤៖ ការលាលែងរបស់លោក សម រង្ស៊ី នៅពេលនេះ អាចផ្តល់ឱកាសឱ្យលោកអាចមានឱកាសក្នុងការពិនិត្យ និងសង្កេតមើលពីលើ ហើយអាចផ្តល់ បទពិសោធថ្មីបន្ថែមទៀតដើម្បីសិក្សាចិត្តដៃគូរបស់ខ្លួន គឺលោកកឹម សុខា។ នៅពេលលោក កឹម សុខា មានសិទ្ធិពេញលេញចាត់ចែងលើគណបក្សតើលោក កឹម សុខា នឹងធ្វើដាក់ក្រុម សម រង្ស៊ី និយមយ៉ាងដូចម្តេចខ្លះ? តើដូចអ្វីដែលគេនិយាយទេដែលថាក្រុមលោក កឹម សុខា ព្យាយាមក្នុងការគៀស ក្រុមលោក សម រង្ស៊ី ចេញពីតួនាទីសំខាន់ៗរបស់បក្ស និងរៀបចំបណ្តាញរបស់គាត់ដាក់ក្នុងបក្ស? ការរៀបចំបញ្ជី ឈ្មោះបោះឆ្នោតតំណាងរាស្ត្រកាលពីឆ្នាំ ២០១៣ ជាឧទាហរណ៍ស្រាប់គឺក្នុងចំណោមតំណាងរាស្ត្រ ៥៥ រូប លោក កឹម សុខា អាចបញ្ជ្រៀតក្រុមគាត់បានចំនួន ២៣រូប ពោលគឺកើនបាន២០អាសនៈ ប្រៀបធៀបនឹងក្រុមលោក សម រង្ស៊ី កើនបានតែ ៦ អាសនៈប៉ុណ្ណោះលើចំនួនអាសនៈខ្លួនមាន២៦មុនការបោះឆ្នោត។ គំនិតបង្កើតចំនួនសមាជិករបស់ខ្លួន ក្រុមលោក កឹម សុខា ឱ្យបាន ៥០% ក្នុងបញ្ជីឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាង មុខនេះក៏ស្ថិតនៅក្នុងរបៀបវារៈរបស់ក្រុមលោក កឹម សុខា ដែរ។ ដូច្នេះគំនិតភ្នំមួយ មិនអាចមានខ្លាពីរនៅតែស្ថិតក្នុងសន្តានចិត្តរបស់លោក រង្ស៊ី និងលោក កឹម សុខា។
ទី៥៖ ការលាលែងរបស់លោក សម រង្ស៊ី នៅពេលនេះគឺដើម្បីយកពេលវេលាដើម្បីស្តារអាជីពនយោបាយខ្លួនឡើងវិញ ហើយសង្ឃឹមថា ដំណោះស្រាយ នយោបាយមួយ នឹងអាចមានជាក់ជាមិនខាន។ នៅពេលណាមួយលោក នឹងមកដឹកនាំគណបក្សសង្គ្រោះជាតិឡើងវិញ។ តែអ្វីដែលលោក សម រង្ស៊ី ប្រកាសលាលែងតំណែងនៅពេលនេះ ដូចនឹងសម្តេចក្រុមព្រះនៅឆ្នាំ២០០៦ ដែរ គឺគំរាមលាលែងដើម្បីទទួលបាននូវការអង្វរករ និងការធានាណាមួយពី ដៃគូរបស់ខ្លួន។ ក្នុងករណីលោក សម រង្ស៊ី ត្រូវការធានាថាអ្វីៗដែលគាត់បានប្រគល់ឱ្យលោក កឹម សុខា គឺត្រូវមានលក្ខខណ្ឌ មិនអាចផ្តល់ឱ្យទទេៗបានឡើយ។
ដូច្នេះការលាលែងតំណែងរបស់លោក សម រង្ស៊ី នៅពេលនេះ គឺជាការធ្វើធ្វើតេស្តសាកល្បងលើទឹកចិត្ត អ្នកគាំទ្រខ្លួន និងសាកល្បងផ្ទៃក្នុងរបស់ខ្លួន និងគ្រាន់តែជាឆាកល្ខោនរៀបចំឡើងដោយលោក សម រង្ស៊ី តែប៉ុណ្ណោះ ដើម្បីធានាថាខ្លួននៅតែអាចធ្វើប្រធានគណបក្សនេះដដែល បើទោះបីជាច្បាប់ស្តីពី គណបក្សនយោបាយត្រូវបានធ្វើវិសោធនកម្មក៏ដោយ។ លោក សម រង្ស៊ី ធ្វើនេះគ្រាន់តែដើម្បីទាញចំណាប់អារម្មណ៍ និងបង្ហាញថាខ្លួននៅតែជាប្រធានបក្ស ដែលមិនអាចអត់បានដែលចាំបាច់សមាជិក សមាជិកាត្រូវធ្វើញត្តិគាំទ្រ និងជាការដាក់សម្ពាធឱ្យ លោក កឹម សុខា ទទួលយកលក្ខខណ្ឌមួយដែល ទោះបីជាកាលៈទេសៈណាក៏ដោយ លោក សម រង្ស៊ី នៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល។ មើលឱ្យច្បាស់ទៅ! ហេតុអ្វីៗនៅសុខៗលោក សម រង្ស៊ី ដាច់ចិត្តលាលែងពីតំណែងពីប្រធានបក្សនោះ គឺសុទ្ធតែមានល្បិចនៅពីក្រោយ! ។