FN ៖ ក្រុមនិស្សិតពិការកំពុងខិតខំតស៊ូជម្នះឧបសគ្គជីវិត ដើម្បីស្រវ៉ាវិជ្ជានៅក្នុងខេត្តព្រៃវែង បានត្រេកអរ និងរំភើបរីករាយខ្លាំង បន្ទាប់ពីបានជួបសំណេះ សំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសបន្ទាប់ពីទទួលបានការជួយឧបត្ថម្ភថវិការថយន្ត និងកុំព្យូទ័រជាច្រើនគ្រឿង សម្រាប់ជួយដល់ការសិក្សា និងធ្វើសកម្មភាពកូនប្រជាពលរដ្ឋនៅតាមភូមិ។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធហើយនោះ នៅវេលាម៉ោង ១២ថ្ងៃត្រង់ បានបន្តដំណើរចុះសំណេះសំណាល ជាមួយនិស្សិតពិការនៅអង្គការសហព័ន្ធនារីពិការស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង។ ក្រោមម្លប់ដើមក្រខុមក្នុងបរិវេណទីស្នាក់ការអង្គការរបស់ជនពិការ សម្តេចតេជោ ហ៊ុន សែន ដែលហ៊ុមព័ទ្ធជុំវិញដោយនិស្សិតពិការ បានជជីកសួរដេញដោលយ៉ាងច្រើនពីស្ថានភាពរស់នៅ និងបញ្ហាដែលពួកគេកំពុងជួបប្រទះ។
កញ្ញា យ៉ែម ចាន់រី ប្រធានអង្គការសហព័ន្ធនារីពិការ និងជានិស្សិតអាហារូបករណ៍ សម្តេចតេជោនៅសាកលវិទ្យាល័យជាស៊ីមកម្ចាយមារ បានរៀបរាប់ថា អង្គការសហព័ន្ធនារីពិការ បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដើម្បីជួយសកម្មភាពនិស្សិតពិការ។ បច្ចុប្បន្នអង្គការនេះមានសមាជិកសរុបប្រមាណ១៥២នាក់។
កញ្ញា ចាន់រី បានបញ្ជាក់ថា ពេលបង្កើតឡើងដំបូងអង្គការមានការលំបាកខ្លាំង ព្រោះមិនមានការជួយឧបត្ថម្ភពីសប្បុរសជននោះទេ ហើយក្រុមជនពិការបានរៃអង្ករគ្នាម្នាក់បន្តិចៗ ហើយអ្នកខ្លះមានមីយកមកផ្គត់ផ្គង់ក្នុងអង្គការ។ ជាហេតុធ្វើឲ្យការបរិភោគរបស់ពួកគេមានការខ្វះខាតច្រើន។
លុះក្រោយមកសមាជិកក្នុងអង្គការ ក៏បាននាំគ្នាហិមមូលនិធិដាក់នៅតាមទីសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋានជាដើមសម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់កញ្ញា យ៉ែម ចាន់រី។
បន្ទាប់បានស្តាប់ការរៀបរាប់នូវទុក្ខលំបាក ការខ្វះខាត និងបញ្ហាប្រឈមរបស់អង្គការសហព័ន្ធនារីពិការហើយនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជួយឧត្ថម្ភថវិកា ១០លានរៀល សម្រាប់អង្គការចំណាយលើការទិញម្ហូបអាហារ។ បន្ថែមពីនោះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភប្រចាំខែដល់អង្គការក្នុងមួយខែប្រមាណ ៦.៥លានរៀលក្នុងមួយខែ ហើយ៣ខែបើកម្តង។
បន្ថែមពីលើការទទួលបានថវិកាសម្រាប់ការចាយវាយប្រចាំខែនៅក្នុងអង្គការហើយនោះ ក្រុមនិស្សិតពិការ ក៏បានស្នើសុំកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ សម្រាប់ពួកគេរៀនសូត្រ និងធ្វើសកម្មភាពបង្រៀនកូនចៅប្រជាពលរដ្ឋនៅតាមភូមិ ហើយពួកគេក៏បានសូមមធ្យោបាយសម្រាប់ ធ្វើដំណើរទៅបង្រៀនកូនចៅប្រជាពលរដ្ឋផងដែរ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលរងពិការភ្នែកលើសមរភូមិពេលជាតិធ្លាក់ក្នុងភ្លើងសង្រ្គាម ហាក់មិនបានរុញរានោះឡើយចំពោះសំណើរ របស់និស្សិតពិការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់កុំព្យូទ័រយួរដៃ និងកុំព្យូទ័រដាក់លើតុសម្រាប់រៀន និងបង្រៀនសរុប ៤១គ្រឿង ម៉ាស៊ីនព្រីនធ័រ ១១គ្រឿង ម៉ាស៊ីនហ្វតូកុំពីពីរគ្រឿង។ ឆ្លើយតបការលំបាកក្នុងធ្វើដំណើរពេលចុះបង្រៀនកូនប្រជាពលរដ្ឋនៅតាមភូមិនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភថវិកាទិញរថយន្ត ១២កៅអីមួយគ្រឿងថែមទៀត ជូនដល់និស្សិតពិការទាំងអស់នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាជូននិស្សិតពិការ ដែលកំពុងសិក្សាថ្នាក់អាហារូបករណ៍របស់សម្តេច ១៥២នាក់ ក្នុងម្នាក់ ១០០ដុល្លារ ហើយថែមទាំងឧបត្ថម្ភថវិកា ៣ពាន់ដុល្លារសម្រាប់ពួកគេធ្វើពិធីជប់លៀង ស្រស់ស្រូបអាហារឲ្យបានឆ្ងាញ់មាត់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថវិកា ដែលសម្តេចឧបត្ថម្ភដល់អង្គការនេះ ជាថវិកាផ្ទាល់របស់សម្តេច មិនមែនយកថវិកាជាតិមកចំណាយក្រៅផ្លូវការបែបនេះឡើយ។
ក្រុមជនពិការ ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ បានទះដៃស្រែកហ៊ោកញ្ច្រៀវបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង នៅពេលទទួលបានការជួយឧបត្ថម្ភពីសម្តេចតេជោ។ កញ្ញា យ៉ែម ចាន់រី បានថ្លែងថា កញ្ញារំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមបាននោះឡើយ។
កញ្ញា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្រុមជនពិការ។ កញ្ញា ចាន់រី បញ្ជាក់ថា កញ្ញានឹងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំជារៀងរហូត។
កញ្ញា ស៊ាន យិត និស្សិតឆ្នាំទី៣ផ្នែកគណនេយ្យ ក៏បានរំភើបរីករាយផងដែរ ចំពោះទឹកចិត្តសណ្តោសប្រណៃរបស់សម្តេចនាយករដ្ឋមន្រ្តី។ កញ្ញា ស៊ាន យិត ក៏មិនខុសពីកញ្ញា ចាន់រី ដែរ បានបង្ហាញការពេញចិត្តខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រកាសថានឹងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំជារៀងរហូត៕