FN ៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមទម្លាប់របស់សម្តេចការធ្វើបុណ្យតែងយកថ្ងៃខ្នើត មិនយករនោជនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា អាគមផ្សំអាយុ ដូច្នេះការធ្វើបុណ្យនៅថ្ងៃខ្នើត ជាថ្ងៃដែលព្រះចន្ទរះឡើង។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យទីអារាមនានា ចងក្រងជាសៀវភៅស្តីពីប្រវត្តិវត្តនីមួយៗ ដើម្បីបានជាឯកសារសម្រាប់ប្រជាពុទ្ធបរិស័ទ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ទីអារាមនៅទូទាំងប្រទេសត្រូវបានបំផ្លិចបំផ្លាចអស់ទាំងស្រុង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុលពត។ ក្រោយថ្ងៃរំដោះក្រោមការប្រឹងប្រែងរួមគ្នាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានអភិវឌ្ឍន៍ និងរីកចម្រើនឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ ដែលបានខិតខំកសាងឡើងវិញនូវទីអារាម។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរំដោះប្រទេសចេញរបប ប៉ុលពត មិនត្រឹមតែរំដោះយកសាសនា សិទ្ធសេរីភាព ការរស់រៀនរបស់ប្រជាពលរដ្ឋនោះទេ គឺបានរំដោះទាំងប្រែតថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានប្រគេនបច្ច័យជាង៥ម៉ឺនដុល្លារអាមេរិក ដល់ព្រះចៅអធិការវត្ត ព្រែកប្រា ដើម្បីសងការជំពាក់សម្រាប់ការសាងសង់ សមិទ្ធផលនានានៅក្នុងវត្ត។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចជួយសាងសង់សាលារៀនមួយខ្នង ៣ជាន់ ១៨បន្ទប់ និងទីចាត់ការ ១ខ្នង ៣បន្ទប់ ដល់សាលារៀនព្រែកប្រា ដែលនៅជាប់របងវត្ត ព្រែកប្រា ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងសម័យសង្គមរាស្រ្តព្រះបរមរតនកោដ្ឋ បានផ្តល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋគោរពប្រណិបតន៍សាសនា តែក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទីអារាម បានក្លាយទៅជាបន្ទាយទាហានរបស់ លន់ នល់ ហើយត្រូវបានរងខ្ទេចខ្ទីដោយសារទម្ងន់គ្រាប់បែក របស់អាមេរិក និងទាហានវៀតណាមខាងត្បូង។ ភាពខ្ទេចខ្ទាំងនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីនៅក្នុងរបប ប៉ុលពត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានឌឺដងឲ្យក្រុមមនុស្សដើរសន្យាផងដែរ សម្តេចតេជោ បានលើកឡើងថា ស្រមោល ដែលសម្តេចប្រដូចទៅនឹងការដើរសន្យានោះ តែងតែមានទំហំធំជាងការពិត។ សម្តេចបញ្ជាក់ថា របបគណបក្សប្រជាជនកម្ពុជា មិនមែនសន្យាទេ តែជាការធ្វើ និងអនុវត្តន៍ពិតចាប់តាំងពីក្រោយ រំដោះប្រទេសចេញពីរបបវាលពិឃាត។
* សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជន មិនមែនជាគណបក្សនិយាយខ្យល់ទេ តែជាគណបក្សរួម សុខរួមទុក្ខជាមួយប្រជាពលរដ្ឋតាំងពីបាតដៃទទេ ក្រោយរំដោះរបប ប៉ុលពត មកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនលើវិស័យ ព្រះពុទ្ធសាសនា ដោយសារការដាក់ចេញគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រលើសាសនា និងដោយសារជំនឿរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនលើវិស័យព្រះពុទ្ធសាសនា ដោយសារការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រលើសាសនា និងដោយសារជំនឿរបស់ប្រជាពលរដ្ឋ ក្នុងនោះក៏ដោយសារតែការរីកចម្រើនលើកម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ បើគ្មានការរីកចម្រើននូវជីវភាពរបស់ប្រជាពលរដ្ឋទេ ព្រះសង្ឃនឹងដាច់ចង្ហាន់។ សម្តេចបន្តថា នៅពេលប្រជាពលរដ្ឋរកស៊ីមានបាន មានជីវភាពធូរធាព្រះសង្ឃក៏មានចង្ហាន់បូរិបូរណ៍ទៅតាមនោះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើននៃពុទ្ធចក្រ ត្រូវតែពឹងផ្អែកគ្នាជាមួយការរីកចម្រើនរបស់អាណាចក្រ ពោលបើអាណាចក្រមិនរីកចម្រើន ពុទ្ធចក្រ ក៏មិនអាចរីកចម្រើនបានដែរ។ សម្តេចតេជោ បានថ្លែងថា ប្រការនេះគឺជាការសំខាន់ គឺត្រូវក្តាប់ឲ្យជាប់នូវអ្វីដែលកំពុងមានក្នុងដៃ មិនត្រូវជឿតាមសន្យាខ្យល់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាធ្វើសុខុដុមបនីយកម្ម នៃសាសនា និងមនុស្សជាតិ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ព្រះសង្ឃ និងជនរួមជាតិទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ជាមួយគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន ថា កម្ពុជា មិនអនុញ្ញាតឲ្យមានការបាញ់ប្រហារ និងសម្លាប់រង្គាលទៅក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដូចរដ្ឋាភិបាលហ្វីលីពីននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការខ្វះខាតក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងលើការជួញដូរគ្រឿងញៀន។ សម្តេចតេជោ បានបញ្ជាក់ថា ការគ្រប់គ្រងរដ្ឋមួយមិនមែនជាការងាយស្រួលនោះទេ ដូច្នេះត្រូវមានការចូលរួមគ្រប់គ្នារាប់ចាប់ពីអាណាព្យាបាលឡើងទៅ ដើម្បីសង្គមជាតិ និងអនាគត។
* សម្តេចតេជោថា ការរារាំងកូនចៅបន្សាបគ្រឿងញៀននៅផ្ទះ ប្រសើរជាងឲ្យពួកគេទៅប្រើប្រាស់គ្រឿងញៀននៅខាងក្រៅ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ព្រះសង្ឃឲ្យបញ្ជ្រៀបសារអប់រំកុំឲ្យប្រើប្រាស់គ្រឿងញៀន នៅពេលទេសនាក្នុងពិធីបុណ្យនានា។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ជាថ្មី រាល់មីក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា មិនមែនជារបស់រដ្ឋនោះឡើយ។ សម្តេចតេជោ ក៏បានស្នើឲ្យមានការប្រុងប្រយ័ត្នរាល់ការខ្ចីបុលទាំងឡាយ ពោលត្រូវគិតនិងពិចារណា ប្រសិនបើមិនមានលទ្ធភាពសងទេ សូមកុំទៅខ្ចី !
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឃោសនាថា លុបចោលបំណុលមីក្រូហិរញ្ញវត្ថុរបស់គណបក្សនយោបាយ គឺជាការធ្វើរដ្ឋប្រហាររំលាយរបបរាជានិយម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របបរាល់ថ្ងៃនេះ មិនមែនជារបបរបស់សម្តេចនោះទេ គឺរបបរាជានិយមអាស្រ័យធម្មនុញ្ញ ហើយសម្តេច គ្រាន់តែជានាយករដ្ឋមន្រ្តីមួយរូប នៃរាជរដ្ឋាភិបាល។
* សម្តេចនាយករដ្ឋមន្រ្តី ស្នើដល់ធនាគារជាតិនៃកម្ពុជា ឲ្យអប់រំប្រជាពលរដ្ឋឲ្យបានច្បាស់ថា មីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមន្រ្តីឥណទានទាំងអស់ ត្រូវធ្វើការបញ្ជាក់ឲ្យច្បាស់សម្រាប់ប្រជាពលរដ្ឋថា លុយដែលពលរដ្ឋខ្ចីជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់គណបក្សនយោបាយកុំដើរធ្វើប្រជាភិថុតិជាមួយប្រជាពលរដ្ឋ ដើរផ្សព្វផ្សាយថា នឹងលុបបំណុលក្រោយឡើងកាន់អំណាច។ សម្តេចតេជោថា នេះគឺជាការជំរុញប្រជាពលរដ្ឋឲ្យទៅខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន អ្នកនយោបាយដែលដើរធ្វើប្រជាភិថុតិនេះផងដែរ។
* សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ មានការយោគយល់ដល់ប្រជាពលរដ្ឋ ដែលមិនអាចសងការប្រាក់បានទាន់ពេលវេលា នៅពេលពួកគាត់ជួបគ្រោះអាសន្នផ្សេង។ តែសម្តេចតេជោ ក៏បានស្នើដល់ប្រជាពលរដ្ឋកុំឲ្យខ្ចីបុលលុយពីធនាគារ មកចាយវាយដើម្បីហឺហារ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីដល់រដ្ឋាភិបាលអាមេរិកឲ្យលុបបំណុល ដែលកម្ពុជាជំពាក់ក្នុងរបបសាធាណរដ្ឋខ្មែរ។ សម្តេចតេជោថា បច្ចុប្បន្នមានចលនាប្រជាពលរដ្ឋខ្មែរច្រើន កំពុងទាមទារឲ្យអាមេរិកលុបបំណុល។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ ចូលរួមគាំទ្រការទាមទារឲ្យអាមេរិកលុបបំណុលនេះ។