FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា នឹងមានការកោះប្រជុំមួយនៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ដើម្បីជជែកពិភាក្សាលើការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ដែលអាចកំណត់លក្ខខណ្ឌតឹងរឹងជាងមុន ដោយមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិតទៅធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយនោះឡើយ ហើយបើទោសធ្ងន់ធ្ងរអាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។
ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យ ជាតិគ្រប់គ្រងនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៧នោះ វា បានហួសសម័យកាលទៅហើយ។ ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ដែលគ្រោងនឹងធ្វើវិសោធនកម្មនេះ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការកំណត់លក្ខខណ្ឌឲ្យបានតឹងរឹងទៅលើថ្នាក់ដឹកនាំគណបក្សនយោបាយ ពោលអ្នកដែលមានទោសទណ្ឌ ឬ ជាទណ្ឌិតមិនអនុញ្ញាតឲ្យធ្វើប្រធាន ឬ អនុប្រធានបក្សនយោបាយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឲ្យកំណត់ទៀតថា ប្រសិនបើថ្នាក់ដឹកនាំបក្សនយោបាយណា បានសាងកំហុសធ្ងន់ធ្ងរខ្លាំង គឺឈានដល់ការរំលាយបក្ស និងបញ្ឈប់សកម្មភាពនយោបាយរបស់គណៈកម្មការនាយករបស់បក្សថែមទៀតផង។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ដូច្នេះ «អាទោសទណ្ឌហ្នឹងក៏វាស្រាលដែរ ខ្ញុំថា យកតាមថៃហ្មងអាណាធ្វើខុសធ្ងន់រំលាយបក្សចោលតែម្តង។ ដាក់អាហ្នឹងយកហ្មង ខុសធ្ងន់រំលាយបក្សចោលតែម្តង ព្រោះកុំឲ្យវាខូចពេក។ ហើយក្នុងពេលរំលាយក្នុងគណៈកម្មការនាយកទាំងប៉ុន្មានបាត់សិទ្ធិទាំងអស់ ហាមឃាត់ ៥ឆ្នាំមិនឲ្យធ្វើនយោបាយ»។
សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឲ្យមានការកំណត់រយៈពេលរំលាយគណបក្សនយោបាយទាំងឡាយណា ដែលបានស្នើសុំបង្កើតបក្សនយោបាយហើយ តែមិនអាចរកស្នាមមេដៃអ្នកគាំទ្រឲ្យបាន ៤ពាន់នាក់ផងដែរ។
«បក្សនយោបាយខ្លះបង្កើតឡើងគ្រាន់តែសុំសេចក្តីសម្រេចពីក្រសួងមហាផ្ទៃបង្កើត តែរកតែសំឡេង រកតែមេដៃ ៤ពាន់នាក់ដាក់ឲ្យក្រសួងមហាផ្ទៃរកអត់បាន រួចអ៊ីចឹងទុកនៅសុទ្ធតែប្រធានបក្ស។ អ៊ីចឹងទេត្រូវដាក់កំណត់ថា ប៉ុន្មានខែ ៦ខែ ឬ ៧ខែ បើរកមេដៃដាក់មិនបានទេ បានន័យថា សេចក្តីសម្រេចនោះចាត់ទុកជានិរាសករចោលតែម្តង»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ការធ្វើវិសោធនកម្មនេះ មិនមែនធ្វើសម្រាប់គណបក្សប្រជាជនកម្ពុជា ឬគណបក្សនយោបាយណាមួយនោះទេ គឺសម្រាប់គ្រប់គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានជំរុញឲ្យការធ្វើវិសោធនកម្មសម្រេចឲ្យបានឆាប់ផងដែរ។
ជាការកត់សម្គាល់សំណើឲ្យមានការធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយកំណត់មិនឲ្យអ្នកមានទោសធ្វើជាប្រធាន ឬ អនុប្រធានគណបក្ស នយោបាយនេះ បានធ្វើឡើងចំពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កំពុងមានពិរុទ្ធ និងទោសទណ្ឌក្នុងបណ្តឹងបរិហារកេរ្តិ៍ របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលត្រូវតុលាការកំពូលផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ។
ប្រសិនបើការធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយនេះ ទទួលបានជោគជ័យ និងចូលជាធរមានហើយនោះ ប្រាកដណាស់ថា លោក សម រង្ស៊ី នឹងប្រឈមការបាត់បង់តំណែងជាប្រធានគណបក្សសង្រ្គោះជាតិ៕