FN ៖ ពីប្រទេសស្វីស ដែលកន្លែងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងចាត់ទុកការដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧នេះ គឺជាមោទនភាពជាតិមួយសម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ពោលមុននេះប៉ុន្មាននាទីថា ព្រោះតែការទទួលភារៈជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននេះហើយ ជាហេតុធ្វើឲ្យសម្តេចត្រូវចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស និងអវត្តមានពីប្រទេសកម្ពុជាអស់ជាច្រើនថ្ងៃ។
សូមបញ្ជាក់ថា បន្ទាប់ពីចូលរួមកិច្ចវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស អស់រយៈពេលជាច្រើនថ្ងៃមកនោះនៅព្រឹកព្រលឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូបានអញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញហើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច និងគណៈប្រតិភូ នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែទីក្រុង Davos កន្លែងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្ថិតនៅឆ្ងាយពីព្រលានយន្តហោះអន្តរជាតិ Zurich សម្តេចត្រូវក្រោកតាំងពីម៉ោង ៥ទៀបភ្លឺ ដើម្បីធ្វើដំណើរតាមរថយន្តមកឡើងយន្តហោះ៕
ជាការកត់សម្គាល់ក្នុងពេលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសនេះ សម្តេចតេជោ ហ៊ុន សែន បានជួបមេដឹកនាំពិភពលោកជាច្រើននៅទីនោះ។ ក្នុងជំនួបនោះ សុទ្ធតែបានពិភាក្សា និងស្នើឲ្យអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ហើយក៏បានស្នើឲ្យអ្នកវិនិយោគល្បី នៅលើពិភពលោកមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕