FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដងសាហុងរបស់ប្រទេសឡាវ រួចរាល់ហើយ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ក្រោមការទទួលស្វាគមន៍ពី លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវ។ សម្តេចតេជោបានថ្លែងអំណរគុណ ដល់មិត្តឡាវដែលបានលក់អគ្គីសនីក្នុងតម្លៃថោកមកអោយប្រទេសកម្ពុជា ដែលភាគច្រើន ប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
ការចុះទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត ចូលរួមសម្ពោធច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងជាប់នឹងខេត្តចំប៉ាសាក់។
ទំនប់វារីអគ្គីសនី ដងសាហុងរបស់ប្រទេសឡាវ មានម្ងាយប្រមាណ១៥គីឡូម៉ែត្រពីព្រំដែនខេត្តស្ទឹង ត្រែងកម្ពុជា ដែលស្ថិតនៅ ក្នុងតំបន់ស៊ីផាន់ដន ភាគខាងត្បូងប្រទេសឡាវ។ ទំនប់វារីអគ្គីសនីនេះ មានកម្ពស់ប្រហែលពី ៣០ម៉ែត្រ ទៅ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ៣៦០មេហ្គាវ៉ាត់។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដើម្បីបំរើផលប្រយោជន៍រួម ជាពិសេស ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ឡាវអោយកាន់តែប្រសើរឡើង។ បន្ទាប់ពីបានពិសារអាហារថ្ងៃត្រង់ ជាមួយលោកនាយករដ្ឋមន្រ្តីឡាវរួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញតាមឧទ្ឋម្ភាគច័ក្រពិសេសវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ នៅរសៀលថ្ងៃនេះប្រកបដោយសុវត្ថិភាព៕