FN ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមធ្វើការវាយតម្លៃខ្ពស់ និងមានការពេញចិត្ត ពេញថ្លើម ចំពោះការរីកចម្រើនឥតឈប់ឈរនូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការប្រកបដោយផ្លែផ្លាលើ គ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលជាប្រទេសមានភូមិផងរបងតែមួយមានប្រពៃណីសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះសតាំងពីយូរលង់មកហើយ។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា-ឡាវ ឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រើប្រាស់ប័ណ្ណ សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ សូមឲ្យអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាជននៅ តាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់់ប័ណ្ណព្រំដែននេះ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា-ឡាវ បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ និងកំណត់ហេតុនៃកិច្ចប្រជុំនានាជាច្រើន និងលើគ្រប់វិស័យ ព្រមជាមួយការសហការគ្នារៀបចំនូវយន្តការសហប្រតិបត្តិការគ្នាតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ បន្តសហការគ្នាឱ្យបានល្អ ដើម្បីទប់ស្កាត់ បង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដេនគ្រប់ប្រភេទ។
* សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានលក់អគ្គិសនីក្នុងតម្លៃថោកជូនមកកម្ពុជា ដែលភាគច្រើនប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងផ្តល់ជូនឡាវក្នុងការប្រើប្រាស់ផ្លូវគោក ផ្លូវទឹក និងកំពង់ផែតាមទន្លេមេគង្គ កំពង់ផែសមុទ្រកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់ឡាវ ដែលជាប្រទេសពុំមានសមុទ្រ។