FN ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសដែលអញ្ជើញ ដង្ហែព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មកឆ្លងឆ្នាំ ចាស់ចូលឆ្នាំសកលថ្មី២០១៧ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ ក្មួយៗ ចៅៗ សិស្សានុសិស្សនៅសាលាចំនួន៦ នៅក្នុងខេត្តព្រះសីហនុ ដោយបានផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសម្រាប់គ្រូៗ ចំនួន១៥ខ្នង ស្មើនឹង១៩៦បន្ទប់ រួមទាំងជួលជុលទីធ្លាសាលា តារាងបាល់ទាត់ និងឧបត្ថម្ភដំណើរកម្សាន្តផងដែរ។
សាលាទី១៖ សាលាករុកោសល្យ និងវិក្រឹតកា ខេត្តព្រះសីហនុ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅទីនោះសម្តេចតេជោ បានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ ស្មើនឹង៣២បន្ទប់, ទីចាត់១ខ្នងមាន៣បន្ទប់, អគារស្នាក់នៅរបស់សិស្ស១ខ្នង កំពស់២ជាន់ មាន១០បន្ទប់, ផ្ទះគ្រូ១ខ្នងកំពស់២ជាន់ មាន១០បន្ទប់ រួមទាំងធ្វើក្លោងទ្វារសាលា តារាងបាល់ទាត់ និងផ្តល់ជូននូវដំណើរកំសាន្តទៅលេងសៀមរាប នៅខែមករាខាងមុខនេះ ទាំងករុកោសល្យ និងបឋមសិក្សា និងគ្រូ។
សាលាទី២៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ។ នៅសាលានោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនអគា១ខ្នងកំពស់៤ជាន់ មាន២៤បន្ទប់, អគារស្នាក់នៅគ្រូ១ខ្នង កំពស់៤ជាន់ មាន១៦បន្ទប់, ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងផ្តល់ជូនកុំព្យូទ័១០០គ្រឿងផងដែរ។
សាលាទី៣៖ សាលាបឋមសិក្សាអនុវត្តន៍ ខេត្តព្រះសីហនុ។ នៅទីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ជូននូវអគារ សិក្សាថ្មី១ខ្នងកំពស់២ជាន់ ស្មើនឹង១៦បន្ទប់, ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងជួសជុលអគារចាស់ៗ។
សាលាទី៤៖ សាលាបឋមសិក្សា ហ៊ុន សែនក្រុង ខេត្តព្រះសីហនុ។ នៅសាលានោះ សម្តេចតេជោ បានផ្តល់ជូនអគាសិក្សា១ខ្នងកំពស់៣ជាន់ មាន៣០បន្ទប់, ទីចាត់ការ១ខ្នងមាន៣បន្ទប់ និងធ្វើតារាងបាល់ទាត់ និងបាល់បោះ។
សាលាទី៥៖ អនុវិទ្យាល័យសម្តេចឪ ខេត្តព្រះសីហនុ។ នៅទីនោះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់ជូនតារាងបាល់ទាត់ បាល់ទះ និងបាល់បោះកុំព្យូទ័២៤គ្រឿង និងម៉ាស៊ីនព្រីន២គ្រឿង។
សាលាទី៦៖ សាលាបឋម និងអនុវិទ្យាល័យកម្មករ ក្រុងព្រះសីហនុ។ នៅសាលានោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនអគារសិក្សាចំនួន២ខ្នង ដោយ១ខ្នង កំពស់៣ជាន់ មាន៣០បន្ទប់ និង១ខ្នងទៀត កំពស់៣ជាន់មាន១៥បន្ទប់ សាងសង់ទីចាត់ការបឋមសិក្សា និងអនុវិទ្យាល័យ២ខ្នង មាន៦បន្ទប់ ផ្តល់ជូនកុំព្យូទ័៤គ្រឿង ម៉ាស៊ីនព្រីន២គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង ព្រមទាំងធ្វើរបង និងក្លោងទ្វារថ្មីផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីអនាគតល្អ ក្មួយៗ និងចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា៕