FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូនេះ បានចេញអនុក្រឹត្យដំឡើង ប្រាក់វិភោជន៍ គ្រួសាររបស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាល ជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដែលចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។
អនុក្រឹត្យបានបញ្ជាក់ថា ការដំឡើងប្រាក់វិភោជន៍គ្រួសារប្រចាំខែ របស់មន្ត្រីរាជការស៉ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ដូចខាងក្រោម៖
* ប្រាក់វិភាជន៍គ្រួសារសម្រាប់ប្រពន្ធរបស់មន្ត្រីរាជការស៉ីវិល ពី៦០០០រៀល ទៅដល់១៥០០០រៀល។
* ប្រាក់បំណាច់ឧបត្ថម្ភគ្រួសាររបស់យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ពី៦០០០រៀល ដល់១៥០០០រៀល។
* ប្រាក់វិភាជន៍គ្រួសារសម្រាប់កូនម្នាក់ៗ របស់មន្ត្រីរាជការស៉ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ពី៥០០០រៀល ទៅ១០០០០រៀល៕