FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រឹងបំពេញការងារឲ្យបានហ្មត់ចត់ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា និងត្រូវជួយបំផុសស្មារតីយុវជនឲ្យប្រឹងប្រែងរៀនសូត្រ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹក នាំដោយលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមចូលជួបសម្តែងការគួរសម ក៏ដូចជាជម្រាបជូនការងារដែលពួកគេសម្រេចបានលើវិស័យអប់រំ និង បានជម្រាបជូនបញ្ហាកំពុងប្រឈម។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំងអស់ បំពេញបេសកកម្មឲ្យបានហ្មត់ចត់ក្នុងការពង្រឹងគុណភាពលើវិស័យអប់រំ រួមមានការជួយបំផុសឲ្យយុវជនចូលរៀន ដើម្បីបង្កើនធនធានមនុស្ស ផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ក៏ដូចជាគុណធម៌ និងសីលធម៌។
លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានធ្វើការណែនាំឲ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ជួបប្រជុំគ្នាជាប្រចាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ឋនា នដែលអាចកើតមាន ដើម្បីជួយជម្រុញវិស័យអប់រំក្នុងការអភិវឌ្ឍធនធានមនុស្ស។
ថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យសម្របសម្រួលលើបញ្ហាដែលពួកគេកំពុងប្រឈម មួយចំនួនផងដែរ។ ចំពោះសំណើនេះ សម្តេចតេជោ បានណែនាំឲ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល សហការគ្នារៀបចំច្រកចេញចូលតែមួយក្នុងការសម្រួលបែបបទរដ្ឋបាលទាំងឡាយឲ្យមានភាពកាន់តែងាយស្រួល និងឆាប់រហ័ស ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការអភិវឌ្ឍធនធានមនុស្សតាមរយៈសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។
នៅវិមានសន្តិភាព រសៀលថ្ងៃទី ១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសមាជិកសមាជិកា៨៩ នាក់ដែល មកពី ៨៥គ្រឹះស្ថានឧត្តមសិក្សា ចូលជួបសំណេះសំណាល និងពិភាក្សាការងារ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងអនុញ្ញាតឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចូលជួបសម្តែងការគួរសម និងសំណេះ សំណាលជាមួយសម្តេចក្នុងមួយឆ្នាំម្តងៗ ដើម្បីបានដោះស្រាយលើបញ្ហាអប់រំនៅឧត្តមសិក្សា។ ក្នុងជំនួបនារសៀលថ្ងៃនេះ មានការចូល រួមពីសមាជិក សមាជិកា សមាគមគ្រឹះស្ថានឧត្តមសិក្សា ៨៩រូប មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៨៥នៅកម្ពុជា។
លោក ហេង វ៉ាន់ដា បានឲ្យដឹងថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញបេសកកម្មយ៉ាងច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំសិក្សារបស់សិស្ស និស្សិត និងពង្រឹងគុណភាពបង្រៀនគ្រប់កម្រិត និងនិរន្តរភាពស្ថាប័ន ស្របតាមអនុសាសន៍របស់សម្តេចតេជោ។
លោក ហេង វ៉ាន់ដា បន្តថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏តែងបានអញ្ជើញវាគ្មិនសំខាន់ៗទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ មកធ្វើបទបង្ហាញតាមផ្នែកនិងជំនាញនីមួយៗ ក្នុងគោលបំណងស្វែងយល់បានច្បាស់លាស់ពីទិដ្ឋភាព ទាក់ទងស្ថានភាពវិស័យអប់រំ៕