FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកលោក ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេចកីឡាប្រដាល់ពិភពលោកថា ជាមនុស្សសាមញ្ញ និងសុភាពរាបសារ គួរឱ្យស្រឡាញ់រាប់អានយ៉ាងខ្លាំង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្រោយពីសម្តេចបានជួបចរចាផ្លូវការ ជាមួយប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសនោះ សម្តេចតេជោបានមានប្រសាសន៍ទៅកាន់ លោក ប៉ាក់គីអាវ ដោយស្នើឲ្យលោកវិលត្រឡប់មកកាន់កម្ពុជាសារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអប់រំទប់ស្កាត់គ្រឿងញៀន និងបញ្ហាចរាចរណ៍ ដោយការថតស្ពតអប់រំខ្លីៗ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅមុននេះបន្តិច។
Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយទៅកាន់ ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេច កីឡាប្រដាល់ពិភពលោកថា សូមឯកឧត្តមវិលត្រឡប់មកកាន់កម្ពុជា សារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអប់រំទប់ស្កាត់ គ្រឿងញៀន និងបញ្ហាចរាចរណ៍ផង។ ការអប់រំទប់ស្កាត់បទល្មើសគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ ខ្ញុំចង់ឱ្យថតជាស្ពតអប់រំខ្លីៗ ដោយសុំឱ្យប៉ាកគីអាវ និយាយជាភាសា ខ្មែរ។ក្រោយពិធីជប់លៀងនៅព្រះបរមរាជវាំងមុនចេញចេញដំណើរត្រឡប់ទៅវិញ ខ្ញុំបាននិយាយជាមួយ ប៉ាកគីអាវ ម្តងទៀត គាត់ពិតជាសប្បាយរីករាយទទួល យកការជួយតាមសំណូមពរកម្ពុជា។ ព្រឹទ្ធសមាជិកនិងជាអ្នកប្រដាល់ លំដាប់ពិភពលោករូបនេះពិតជាមនុស្សសាមញ្ញ និងសុភាពរាបសារគួរឱ្យស្រឡាញ់ រាប់អានខ្លាំងណាស់»។
គួរបញ្ជាក់ថា នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានដឹកដៃលោក ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និង ជាស្តេចកីឡាប្រដាល់ពិភពលោក រួមនឹងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ធ្វើទស្សនកិច្ច ជាលើកដំបូងមកដល់ប្រទេសកម្ពុជា ក្នុងនាមប្រធានាធិបតីរបស់ហ្វីលីពីន៕