FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ យុវជន យុវតីដែលស្នេហាវិស័យកីឡា ចូលរួមរត់ប្រណាំងទាំងអស់គ្នា នៅក្នុងពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ ដើម្បីលើកកម្ពស់ សិទ្ធិជនពិការ។
ពិធីរត់ប្រណាំងអបអរសាទរទិវាជនពិការ នឹងរៀបចំធ្វើដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រ Faebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «គាំទ្រនិងលើកស្ទួយជនពិការ គ្រប់វិស័យ សូមជនរួមជាតិ ជាពិសេសយុវជន និងយុវតី ចូលរួមគាំទ្រលើក ទឹកចិត្តនៅក្នុង “ពិធីរត់ប្រណាំអបអរសាទរទិវាជនពិការ “ ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរ ជាតិលើកទី៣៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦ ស្អែកនេះ។ យុវជន យុវតីដែលស្នេហាវិស័យកីឡា សូមចូលរួមរត់ប្រណាំងទាំងអស់គ្នា ដើម្បីអបអរសាទរ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជាយើង។ សូមជូនពរបងប្អូនជនពិការទូទាំងប្រទេសជួបតែសេចក្តីសុខ និង សំណាងល្អគ្រប់គ្នា»។
គួរបញ្ជាក់ថា ពិធីរត់ប្រណាំងខាងលើនេះ ត្រូវបានរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលមានអ្នកចូលរួមជាង១,៥០០នាក់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ ៕