FN ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនមីនីបៀរ ដែលមានការវិវឌ្ឍន៍ឈានឡើងជាបន្តបន្ទាប់ តាំងពីការបោះទុនប្រមាណ២៣លានដុល្លារ រហូតដល់ប្រមាណ ២៥០លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវត្តនៃការចាប់ផ្តើមដំណើរការវិនិយោគ របស់ក្រុមហ៊ុនមីនីបៀរផងដែរ។ សម្តេចថ្លែងថា កាលពីមានសំណើវិនិយោគរបស់ ក្រុមហ៊ុននេះ មានការរារាំងនាំមិនឲ្យក្រុមហ៊ុននេះដំណើរការ ដោយចាំយកក្រុមហ៊ុនមួយផ្សេងដែលមានការវិនិយោគធំជាងក្រុមហ៊ុនមីនីបៀរ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅខាងក្រុមហ៊ុនមីនីបៀរថា កម្ពុជា ត្រីតូច ត្រីធំ គឺកម្ពុជាចាប់ស្ងោរទាំងអស់ ពោលក្រុមហ៊ុនណាមកមុន គឺត្រូវតែទទួលយកមុន។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចមិនមានការប្រាកដនិយម និងការស្មោះត្រង់ទេនោះ ក្រុមហ៊ុនមីនីបៀរមិនអាចដំណើរការបានទេ។
* សម្តេចតេជោ ហ៊ុន សែន បានហៅភាពរីកចម្រើនរបស់មីនីបៀរ ដោយសារតែកត្តាប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការផ្តល់ទំនុកចិត្ត ខ្ពស់ពីរាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃមុនសម្តេចសម្ពោធក្រុមហ៊ុនកូកាកូឡាអាមេរិក ថ្ងៃនេះសម្តេចអបអរសាទរក្រុមហ៊ុនរបស់ជប៉ុន ដែលជាសារបញ្ជាក់ថា កម្ពុជាគ្មានការរើសអើងក្រុមហ៊ុនពីបរទេសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា មានអ្នកខ្លះទៅបោកសម្តេចថា ទាល់តែរូបគេធ្វើជាប្រធានធនាគារជាតិ ទើបជប៉ុនឲ្យខ្ចីលុយ។
* សម្តេចតេជោ ហ៊ុន សែន ក៏សុំឲ្យកម្មករ កម្មការិនី កុំឲ្យចាញ់បោកជនមួយចំនួន ដែលធ្លាប់បានឃោសនាថា ទាល់តែគេជាប់ឆ្នោតទើបមានក្រុមហ៊ុនអាមេរិក ជប៉ុន បារាំង…មកវិនិយោគនៅកម្ពុជា។ សម្តេចតេជោ មិនសំខាន់លើនរណាដឹកនាំប្រទេសនោះទេ គឺសំខាន់ប្រទេសមានសន្តិភាព ស្ថេរភាព ទើបមានក្រុមហ៊ុន បរទេសមកវិនិយោគ។
* សម្តេចតេជោ ហ៊ុន សែន ក៏សុំឲ្យកម្មករ កម្មការិនី ប្រឹងប្រែងធ្វើការងារ បង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុន បើក្រុមហ៊ុនកាន់តែចំណេញ កម្មករ កម្មការិនី ក៏ទទួលបានប្រាក់ខែខ្ពស់ផងដែរ។
* ឆ្លើយតបទៅនឹងការចោទប្រកាន់ថាពុករលួយនោះ សម្តេចតេជោ ហ៊ុន សែន បានដេញឲ្យទៅសួរថ្នាក់ដឹកនាំក្រុមហ៊ុនកូកាកូឡារបស់អាមេរិក ក្រុមហ៊ុនរបស់ជប៉ុន និងរបស់បារាំងផងដែរថា តើបានបង់ឲ្យសម្តេចប៉ុន្មាន? សម្តេចតេជោ ហ៊ុន សែន ថា នៅស្រុកខ្មែរគ្មានអ្វីចម្លែកនោះទេ សម្រាប់ការចោទប្រកាន់នេះ ប៉ុន្តែស្រុកខ្មែរឆ្កែនៅតែព្រុះ មនុស្សនៅតែដើរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនចង់ឃើញក្រុមហ៊ុនមករកស៊ីនៅស្រុកខ្មែរហើយក្ស័យធនត្រឡប់ទៅវិញ និយាយអាក្រក់ពីកម្ពុជានោះទេ គឺចង់ឲ្យក្រុមហ៊ុនបរទេសមករកស៊ី ហើយមានការរីកចម្រើន ដើម្បីផ្តល់ការងារឲ្យពលរដ្ឋខ្មែរធ្វើបានកាន់តែច្រើន។
* សម្តេចតេជោ ហ៊ុន សែន សម្រេចបន្ថែមទិដ្ឋាការជូនអ្នកវិនិយោគ និងអ្នកទេសចរណ៍ជប៉ុន ឲ្យដល់៣ឆ្នាំ ដូចចិន និងកូរ៉េផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើកុំឲ្យមើលស្រាលជនពិការ។ ការស្នើដូច្នេះបន្ទាប់ពីសម្តេចបានរំលឹកដល់ពាក្យជនមួយចំនួន ដែលបានហៅសម្តេចថា «អាខ្វាក់» សម្តេចថា នេះជាទង្វើអសីលធម៌ និងគ្មានគុណធម៌មួយ។ សម្តេចតេជោថ្លែងថា បើទោះបីសម្តេចពិការភ្នែកក៏មិនមែនជាលក្ខខណ្ឌ ដែលមិនអាចធ្វើ នាយករដ្ឋមន្រ្តីបាននោះឡើយ។ សម្តេចក៏បានរំលឹកដែរថា អតីតព្រះមហាក្សត្រថៃ និងអតីតប្រធានាធិបតីឥណ្ឌូនេស៊ី ក៏ជាជនពិការផងដែរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យជឿលើការញុះញង់នាំឲ្យមានអំពើហិង្សានាំដល់ការដួលរលំរោងចក្រ និងបាត់បង់ការងាររបស់កម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបរវាងសម្តេច និងលោក កឹម សុខា ប្រធានក្រុមមតិភាគតិចថា ជាសារនយោបាយប្រាប់ថាខ្មែរ និងខ្មែរចេះដោះស្រាយគ្នា ហើយកុំប្រើការគំរាមកំហែង និងកៀបសង្កត់ពីខាងក្រៅ។ សម្តេចតេជោ បានបញ្ជាក់ថា ចរិតរបស់សម្តេចមិនទទួលយកការកៀបសង្កត់ ឬគំរាមអ៊ីចេះអ៊ីចុះ គឺសម្តេចមិនធ្វើនោះឡើយ។
* សម្តេចតេជោ ក៏បានអំពាវនាវឲ្យមានការរួបរួមគ្នា ដើម្បីកសាងប្រទេសកម្ពុជាដ៏កម្សត់។ សម្តេចតេជោថ្លែងថា កម្ពុជាឆ្អែតឆ្អន់ហើយនៅទុក្ខវេទនា ព្រោះភ្លើងសង្រ្គាម។ សម្តេចតេជោ បន្តគូសបញ្ជាក់ថា ប្រសិនបើគ្មានសន្តិភាពទេ មិនអាចមានការអភិវឌ្ឍបាននោះឡើយ ដូច្នេះត្រូវរួមគ្នាថែរក្សានូវសន្តិភាពនេះ។