FN ៖ វិមានរដ្ឋសភា ដែលធ្លាប់តែមានសភាពហាក់អួរអ័ព្ទអស់រយៈពេលជាងមួយឆ្នាំមកហើយ ព្រោះតែកិច្ចប្រជុំភាគច្រើនត្រូវបានពហិការដោយតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលជាសំឡេងភាគតិចនោះ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានទទួលពន្លឺភ្លឺចិញ្ចែងចិញ្ចាចជាថ្មី ដោយសារទទួលបានវត្តមានរបស់តំណាងរាស្រ្ត នៃគណបក្សជាប់ឆ្នោតទាំងពីរដឹកដៃគ្នាយ៉ាងត្រសងចូលទៅអង្គុយតាមកៅអីរៀងៗខ្លួន ដើម្បីជជែកដោះស្រាយការងារជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៧ នៃនីតិកាលទី៥ នាព្រឹកមិញនេះ តំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិសរុប ១០៤រូប បានចូលប្រជុំរួមគ្នា តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺការវិលត្រឡប់ចូលវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលទើបទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្បិតលោក កឹម សុខា បានខកខានចូលប្រជុំសភាអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីរូបលោកត្រូវបានដកចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។
ការវិលត្រឡប់ចូលក្នុងវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា នាពេលនេះ មិនមែនក្នុងនាមជាអនុប្រធានទី១ នៃរដ្ឋសភាដូចពេលមុនទៀតនោះទេ គឺចូលក្នុងនាមជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច ជាតំណែងធ្លាប់គ្រប់គ្រងដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ តំណែងថ្មីនៅក្នុងវិមានរដ្ឋសភាសម្រាប់ លោក កឹម សុខា បានធ្វើឲ្យរូបលោកមានសិទ្ធិជជែកពិភាក្សាការងារប្រទេសជាតិ ដោយស្មើមុខស្មើមាត់ជាមួយសម្តេចតេជោ ហ៊ុន សែន ហើយក៏អាចពិភាក្សាការងារនៅក្នុងរដ្ឋសភាដោយស្មើភាពជាមួយសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា។
ជាកត់សម្គាល់ក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកមិញភាពល្អូកល្អិនផ្អែមល្ហែម មិនមែនជាភាពល្អូកល្អិនផ្អែមល្ហែមរវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ដូចកាលពីចុងឆ្នាំ២០១៤ទៀតនោះឡើយ ប៉ុន្តែត្រូវបានជំនួសដោយលោក កឹម សុខា ទៅវិញ។ នៅពេលដើរចូលបន្ទប់ប្រជុំសភាគេសង្កេតឃើញ សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានចាប់ដៃគ្នា និងជជែកគ្នាបន្តិចជាមួយទឹកមុខញញឹមញញែមមុននឹងទៅអង្គុយកៅអីសភារៀងៗខ្លួន។
នៅមុនកិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ត្រូវបានសម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យឡើងថ្លែងនូវចំណាប់អារម្មណ៍ម្តងម្នាក់ ដើម្បីញ៉ាំងបរិយាកាស នៃកិច្ចប្រជុំឲ្យកាន់តែមានភាពកក់ក្តៅ ព្រោះរដ្ឋសភាបានបាត់បង់ទិដ្ឋភាពជួបជុំបែបនេះជាង ១ឆ្នាំមកហើយ។
ជាសារចាប់ផ្តើមនៃចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់លោក កឹម សុខា។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតស្រាយបំភ្លឺមន្ទិលសង្ស័យជុំវិញតំណែងប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងតំណែងប្រធានក្រុមមតិភាគតិចផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមមាត្រា៤៨ថ្មី(៣) នៃច្បាប់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា តំណែងប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងប្រធានក្រុមមតិភាគតិច គឺជាតំណែងតែមួយ មិនអាចចែកដាច់ពីគ្នាគឺកាន់កាប់ដោយលោក កឹម សុខា តែម្នាក់គត់។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅលោក កឹម សុខា គឺជាដៃគូសន្ទនាលើបញ្ហាធំៗរបស់ប្រទេសជាតិជាមួយសម្តេចនាយករដ្ឋមន្រ្តី ហើយជាដៃគូសន្ទនាលើការងាររដ្ឋសភា ជាមួយសម្តេចក្រឡាហោម ស ខេង ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ «ដើម្បីធានាថា អ្វីដែលសម្ដេចប្រធាន ធ្វើការសម្រេចតែងតាំងនោះត្រឹមត្រូវ ខ្ញុំសូមអាន និងបកស្រាយឲ្យបានច្បាស់ ទៅលើមាត្រាទី៤៨ នៃបទបញ្ជាផ្ទៃក្នុង ត្រង់កថាខណ្ឌមួយនិយាយថា ប្រធានក្រុមតំណាងរាស្ត្រនៃអ្នកនយោបាយក្រៅរដ្ឋាភិបាល ដែលមានអាសនៈនៅក្នុងរដ្ឋសភាចាប់ពី ២៥ភាគរយឡើងទៅ មានឈ្មោះហៅថា ប្រធានក្រុមភាគតិចនៅរដ្ឋសភា។ ប្រធានក្រុមមតិភាគតិច ជាគូសន្ទនាជាមួយប្រមុខ រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិ ប្រធានក្រុមមតិភាគតិចមានឋានៈស្មើនាយករដ្ឋមន្ត្រី នៅទីនេះ អត្ថបទនេះបានបញ្ជាក់ច្បាស់ថា លុះត្រាតែមនុស្សនោះ បានតែងតាំងធ្វើជាប្រធាន ក្រុមតំណាងរាស្ត្រសិន ទើបមានសិទ្ធិធ្វើជាប្រធានក្រុមសម្លេងភាគតិចអីចឹងទេ ឆ្លងការតាមការតែងតាំងនេះ នៅក្នុងមាត្រាទី៤៨នេះ មិនតម្រូវឲ្យមានមនុស្ស២នាក់ កាន់ដំណែងពីរម្នាក់ឯង ប្រធានក្រុមភាគតិចមួយម្នាក់ និងប្រធានក្រុមតំណាងរាស្ត្រម្នាក់នោះទេ»។
សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា «អីចឹងទេបានជាព្រឹកនេះខ្ញុំមានគោលដៅថា ប្រសិនបើមិនទទួលយកការតែងតាំងនេះបាន គឺមានតែវិធីបកត្រឡប់ ដោយទៅធ្វើវិសោធនកម្មមាត្រាទី៤៨ ដោយដកចេញទាំងអស់នូវតួនាទីទាំងឡាយ ហើយវិលត្រឡប់ទៅ៤៨(២)វិញ តែប៉ុណ្ណឹងទេ។ ប៉ុន្តែវាជាការល្អដែរ ដែលឯកឧត្តម កឹម សុខា ក៏បានបញ្ជាក់ ឥឡូវឯកឧត្តមនឹងក្លាយជាដៃគូសន្ទនារបស់សម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាប្រធាននៃក្រុមតំណាងរាស្ត្រ ហើយធ្វើជាដៃគូរបស់ខ្ញុំ ក្នុងឋានៈពិគ្រោះពិភាក្សាលើបញ្ហាប្រ
ទេសជាតិ ដែលត្រូវទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី។ ដូច្នេះខ្ញុំគិតថាពុំមានអ្វីកើតឡើងទេ តែគ្រាន់តែបញ្ជាក់ ជូនសាធារណមតិ ឲ្យបានច្បាស់ និងកុំមានការបកស្រាយខុស ទៅលើអត្ថបទដែលយើងបានធ្វើ ព្រោះអត្ថបទនេះ ខ្លួនខ្ញុំជាអ្នកតាក់តែងជូនតែម្ដង ហើយតាក់តែងដើម្បីឲ្យឯកឧត្តម សម រង្ស៊ី មានការងារធ្វើកាលពីពេលនោះ ហើយគ្រប់គ្រងបក្សឲ្យបាន»។
ដោយឡែក លោក កឹម សុខា បានចាត់ទុកការទទួលបានលើកលែងទោស និងទទួលបានសេរីភាពឡើងវិញ ក៏ព្រោះតែមានការឯកភាពរួមរវាងរូបលោក និងសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចការងារជាប្រយោជន៍ជាតិ។ លោក កឹម សុខា ថា តួនាទីដែលលោកទទួលបានវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺការជួបជជែកគ្នា ដើម្បីដោះស្រាយបញ្ហាសម្រាប់ជាតិ។
លោកប្រធានក្រុមមតិភាគតិចរូបនេះ បានគូសបញ្ជាក់ថា «អ្វីដែលយើងត្រូវធ្វើតទៅមុខទៀត គឺស្វែងរកឯកភាពជាតិដើម្បីឲ្យជាតិយើង មានការរីកចម្រើនហើយ ការរិះគន់ការទិទានយ៉ាងណា មកលើគោលជំហរ ឬការធ្វើការងាររបស់ខ្ញុំផ្ទាល់ដូចជាគណបក្សសង្រ្គោះជាតិ យើងខ្ញុំសូមស្វាគមន៍ គឺគោលដៅស្ថាបនាប្រកប ដោយសីលធម៌សេចក្ដីថ្លៃថ្នូរគឺជាវាលនៃការជេរប្រមាថលាបពណ៌ ដែលនាំឲ្យមានការឈឺចាប់ នាំឲ្យមានការបែកបាក់សង្គម នេះជាអ្វីដែលខ្ញុំបានជជែកជាមួយសម្ដេច នាយករដ្ឋមន្រ្តីរួចហើយ ហើយយើងនាំគ្នាព្យាយាមធ្វើការងារនេះឲ្យបានសម្រេចដល់គោលដៅ ដែលយើងចង់បានទាំងអស់គ្នា ចំពោះតំណែងតួនាទី មុខងារវាគ្រាន់ តែជាមធ្យមបាយ។ សម្រាប់យើងធ្វើដំណើរទៅរកផ្លូវនោះទេ ដូច្នេះបើសិនជាតួនាទីធំប៉ុណ្ណា ខ្ពស់ប៉ុណ្ណា ក៏ដោយតែបើយើងដើរខុសគោលដៅ ដែលយើងចង់បានជាមួយគ្នាហ្នឹងក៏វាមិនអាចជោគជ័យដែរ»។
អ្នកនយោបាយកំពុងឡើងយីអ៊ុនរូបនេះបន្តថា «ដូច្នេះថ្ងៃនេះខ្ញុំសូមអគុណដល់អង្គសភាទាំងមូល ដែលបានសម្រេចចិត្ត ហើយយើងនឹង បន្តធ្វើការជាមួយគ្នាក្នុងក្របខណ្ឌ ជាខ្មែរដូចគ្នាដោះស្រាយខ្មែរនឹងខ្មែរ ដែលខ្ញុំបានឯកភាពជាមួយសម្ដេចនាយក ហើយថាយើងត្រូវតែដោះស្រាយខ្មែរជាមួយខ្មែរពីព្រោះយើងបានធ្លាប់ពិសោធន៍ច្រើនឆ្នាំ មកហើយក្នុងបញ្ហា ដែលយើងមានទំនាស់ធំៗរហូតដល់មានសង្រ្គាមផង ទីបញ្ចប់ខ្មែរនិងខ្មែរអង្គុយនិយាយជាមួយគ្នា ហើយថ្ងៃ នេះជាថ្ងៃចាប់ផ្ដើម ហើយកុំឲ្យមានជាពិសេសប្រុងប្រយ័ត្នទាំងអស់គ្នា ធ្វើម៉េចកុំឲ្យមានការរំខានណាមួយ ដែល ធ្វើឲ្យដំណើរការរបស់អត់ដល់គោលដៅ របស់យើងចឹងយើង ខ្ញុំសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ លោកមេត្តា រងចាំមើល សូមលោកចូលរួមជាមួយយើងខ្ញុំ ដើម្បីធ្វើដំណើរទៅដល់នូវគោលដៅមួយឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍសម្រាប់ជាតិ និងប្រជាពលរដ្ឋយើង»។
បន្ទាប់ពីបានថ្លែងបង្ហាញចំណាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំសភាបានបន្តិចទៅ សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ក៏បានដឹកដៃគ្នាមកជួបប្រជុំដោយ សម្ងាត់នៅក្នុង បន្ទប់ការងាររបស់សម្តេចតេជោនៅវិមានរដ្ឋសភា។ កិច្ចប្រជុំសម្ងាត់រវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានធ្វើឡើងរយៈពេលជិតពីរម៉ោង ហើយក៏មិនដឹងថា ដៃគូសន្ទនាទាំងពីរបានពិភាក្សាលើការងារអ្វីខ្លះនោះឡើយ។
ក្រោយពិភាក្សាចប់សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា ក៏បានដឹកដៃគ្នាចេញវិញជាមួយទឹកមុខញញឹមញញែម ហើយសម្តេចតេជោ ហ៊ុន សែន ថែមទាំងបានលើកដៃរាជាសញ្ញា អមដោយស្នាមញញឹមយ៉ាងស្រស់ស្រាយដាក់អ្នកព័ត៌មាន ដែលនៅអង្គុយរង់ចាំយកព័ត៌មានថែមទៀតផង។
បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោក កឹម សុខា ដែលជាតួអង្គសំខាន់នៅព្រឹកមិញនេះ ក៏បានបន្តដំណើរទៅជួបពិភាក្សាសម្ងាត់ ជាមួយសម្តេចក្រឡាហោម ស ខេង ផងដែរ។ ជំនួបពិភាក្សារវាងសម្តេចក្រឡាហោម ស ខេង និង លោក កឹម សុខា ក៏មានរយៈពេលជិត២ម៉ោងផងដែរ។
លទ្ធផលនៃជំនួបទាំងពីរមិនត្រូវបានទម្លាយឲ្យអ្នកព័ត៌មាននោះឡើយ ពោលក្រោយបញ្ចប់កិច្ចប្រជុំសភា និងកិច្ចពិភាក្សាសម្ងាត់នោះទៅ សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា ក៏បានចេញទៅតាមទ្វារក្រោយ នៃរដ្ឋសភាទុកឲ្យក្រុមអ្នកព័ត៌មាន ដែលទន្ទឹងរង់ចាំដាច់បាយបានត្រឹមអង្គុយសំឡឹងដំណើរចាកចេញរបស់តួអង្គ នៃឆាកនយោបាយខ្មែរក្នុងបរិបថថ្មីទាំងពីររូប។
តែទោះបីជាយ៉ាងណា ព្រោះតែខ្លាចអត់មានព័ត៌មានសម្រាប់ផ្សព្វផ្សាយជូនសារធារណជនក្រុមអ្នកព័ត៌មានក៏បានឡោមព័ទ្ធសម្តេចក្រឡាហោម ស ខេង ដែលបានធ្វើដំណើរចេញពីរដ្ឋសភាតាមទ្វារខាងមុខ។ ក្រោមការឡោមព័ទ្ធរបស់ក្រុមអ្នកព័ត៌មាននោះ សម្តេចក្រឡាហោម ស ខេង ក៏បានផ្តល់បទសម្ភាសន៍ខ្លីផងដែរ។
សម្តេចក្រឡាហោម ស ខេង បានទម្លាយថា ជំនួបរវាងសម្តេចក្រឡាហោម ជាមួយលោក កឹម សុខា បានសម្រេចដាក់ចេញគោលការណ៍មួយចំនួន សម្រាប់ថ្នាក់ដឹកនាំតំណាងរាស្រ្តទាំងពីរអនុវត្ត។ ក្នុងនោះរួមមាន៖ ថ្នាក់ដឹកនាំតំណាងរាស្រ្តទាំងពីរត្រូវពិភាក្សាគ្នាជាមុន មុននឹងឈានទៅប្រជុំសម្រេចលើបញ្ហាផ្សេងៗ, ឯកភាពឲ្យមានការប្រជុំរវាងក្រុមតំណាងរាស្រ្តទាំងពីររៀងរាល់មួយខែម្តង និងចំណុចមួយទៀត គឺការឯកភាពណាត់ជួបគ្នារវាងថ្នាក់ដឹកនាំ តំណាងរាស្រ្តទាំងពីរនៅដំណាច់ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីជជែកលើការងារផ្សេងៗ។
សម្តេចក្រឡាហោម ស ខេង ក៏បានបង្ហើបពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ផងដែរ។ បើតាមសម្តេចក្រឡាហោម ជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានពិភាក្សា និងឈានទៅការសម្រេចដោះលែងមេឃុំ ស៊ាង ចែត ដែលត្រូវជាប់ឃុំក្នុងករណីសូកប៉ាន់ក្នុងសំណុំរឿងអាស្រូវលោក កឹម សុខា
និងកញ្ញាស្រីមុំ។ ក្នុងជំនួបនោះក៏មានការពិភាក្សាទៅលើការដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ផងដែរ។
ក្រឡេកទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទ្ទេសខ្លួនឯងនៅក្រៅប្រទេស ហើយត្រូវបានបាត់បង់តំណែងជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភានោះ ហាក់មានសភាពស្ងប់ស្ងាត់ និងបានបង្ហាញសារនយោបាយខ្លីមួយផងដែរ។ លោក សម រង្ស៊ី បានលើកឡើងថា តួនាទីលែងសំខាន់ហើយ គឺលោកអាចលះបង់បានទាំងអស់ តែលោកសុំឲ្យមានការស្មោះត្រង់។
លោក សម រង្ស៊ី បានថ្លែងនៅលើទំព័រ Facebook របស់លោកក្រោយការចាប់ដៃដ៏ល្អូកល្អិនរបស់សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ថា «តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូរ របស់យើងម្នាក់ៗ។ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែប្រទេសជាតិយើងបាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង។ គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យឯកសិទ្ធិ គេកាត់ទោសឲ្យជាប់ពន្ធនាគារ គេចេញដីកាចាប់ខ្លួន គេហាមឃាត់និងរារាំងមិនឲ្យវិលត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាមតែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ»។
បើទោះបីជាមានការលើកឡើងថា ភាពល្អូកល្អិនរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា សាងឡើងក្នុងរូបភាព នៃការសម្តែងយ៉ាងណាក្តី តែក្រុមអ្នកវិភាគ និងតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា សុទ្ធតែបានសម្តែងការសាទរច្រើន ព្រោះជាការបង្ហាញឲ្យឃើញពីស្មារតីដោះស្រាយជម្លោះរវាងខ្មែរ និងខ្មែរឈានទៅរកការអភិវឌ្ឍជាតិ។
ក្រុមអ្នកវិភាគ និងអ្នកតាមស្ថានការណ៍នយោបាយ បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការផ្លាស់ប្តូរដៃគូសន្ទនាថ្មីរបស់មេដឹកនាំគណបក្សនយោបាយ ខ្លាំងនៅកម្ពុជាទាំងពីរ នឹងធ្វើឲ្យមានភាពល្អប្រសើរ និងនាំមកនូវប្រយោជន៍សម្រាប់ជាតិ និងប្រជាជនច្រើន ហើយចំណងទំនាក់ទំនងនេះ ក៏បានយូរអង្វែងផងដែរ ព្រោះថាទាំងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា មានលក្ខណៈសម្បត្តិនយោបាយដូចគ្នាច្រើន ជាពិសេសគឺចរិតមិនចេះរត់ចោលសមរភូមិពេលជួបបញ្ហា ហើយចេះបត់បែនច្រើនក្នុងការដោះស្រាយបញ្ហា៕