FN ៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ដោយសារតែភាពរីកចម្រើន នៃដំណើរការអាជីវកម្ម ក៏ដូចជាការគាំទ្រពីអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុនកូកាកូឡា កាលពីឆ្នាំ២០១៥កន្លងទៅ បានសម្រេចដាក់ទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោក Marithin Jansen នាយកប្រចាំតំបន់ទទួលបន្ទុកក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនកូកាកូឡា ធ្លាប់បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនកូកាកូឡា មានការរីកចម្រើនទ្វេដង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៦០០នាក់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនកូកាកូឡា បានធ្វើឲ្យកម្ពុជាមានមោទភាព ព្រោះមានអក្សរខ្មែរនៅលើកំប៉ុង ហើយសម្តេចបានមានប្រសាសន៍សម្តេច និងប្រជាពលរដ្ឋខ្មែរ ពេញចិត្តឱកាសផ្តល់ការងារដល់ប្រជាជនខ្មែរជាច្រើន ហើយសូមបន្តកិច្ចការនេះបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមហ៊ុនកូកាកូឡានៅកម្ពុជា មិនមែនសម្រាប់ផ្គត់ផ្គង់តែប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥លាននាក់ប៉ុណ្ណោះទេ តែក៏អាចនាំទៅប្រទេស ក្នុងតំបន់អាស៊ាន ដែលមានអ្នកប្រើប្រាស់ជាង ៦០០លាននាក់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានលោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ពីវត្តមានអក្សរខ្មែរនៅលើដបកូកាកូឡា។ សម្តេច ក៏បានបញ្ជាក់ប្រាប់ លោក ចន ឃើរី ថា លើតុទទួលភ្ញៀវរបស់សម្តេចអត់មានដាក់ភេសជ្ជៈអ្វីក្រៅពីទឹកសុទ្ធ និងកូកាកូឡានោះទេ។ បើតាមសម្តេចតេជោថ្លែងថា លោក ចន ឃើរី ថែមទាំងជំរុញឲ្យសម្តេចបង្ហោះរឿងនោះនៅលើ Facebook របស់សម្តេចថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំឲ្យដំឡើងថ្លៃផ្ទះជួល ព្រមទាំងបញ្ជាឲ្យអាជ្ញាធរធ្វើការជាមួយម្ចាស់ផ្ទះជួលកុំឲ្យដំឡើងថ្លៃ បើដំឡើង ដំឡើងតិចតួចបានហើយ។ សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងណាស់ ដើម្បីលើកស្ទួយជីវភាពកម្មករ តាមរយៈកាត់បន្ថយការចំណាយ ដូចជាការតបណ្តាញអគ្គិសនី និងបណ្តាញទឹកដល់បន្ទប់ជួល។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរអគ្គិសនី និងរដ្ឋាករទឹកបន្តធ្វើការតបណ្តាញទឹក និងអគ្គិសនីបន្ថែមទៀតទៅតាមបន្ទប់ជួលរបស់កម្មករ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស កត់សម្តីរបស់តំណាងសិទ្ធិមនុស្ស និងអ្នកវិភាគនៅកម្ពុជាមួយចំនួនថា ការបង្រ្កាបក្រុមបាតុករប្រឆាំងលោក ដូណាល់ ត្រាំ នៅអាមេរិក គឺជារឿងត្រឹមត្រូវ និងមិនរំលោភសិទ្ធិមនុស្ស។
* សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ព្រមានខ្លាំងៗធ្ងន់ៗចំពោះការធ្វើប្រៀបធៀបការធ្វើបាតុកម្មនៅកម្ពុជា និងសហរដ្ឋអាមេរិក ដោយស្នើឲ្យកត់ចំណាំការលើកឡើង របស់បណ្តាសង្គមស៊ីវិលនានាថា ការធ្វើបាតុកម្ម និងការបង្ក្រាបនៅសហរដ្ឋអាមេរិកគឺជារឿងត្រឹមត្រូវ។ ដូច្នេះការបង្ក្រាបបាតុកម្មកាលពីមុនដើម្បីរក្សាសណ្តាប់ធ្នាប់នៅកម្ពុជា គឺជារឿងត្រឹមត្រូវដែរ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យបណ្តាញផ្សព្វផ្សាយនៅកម្ពុជា យកសម្តីលោក សម រង្ស៊ី ដែលវាយប្រហារលោក ដូណាល់ ត្រាំ ថាជា «ជនផ្តាច់ការ» តាមទំព័រ ឌឺខេមបូឌា ដេលី មកផ្សព្វផ្សាយឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលាអន្តរជាតិ ISPP បានអប់រំចៅៗរបស់សម្តេច ឲ្យស្អប់លោក ដូណាល់ ត្រា។
* សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា លោក ដូណាល់ ត្រាំ ជាអ្នកសេដ្ឋកិច្ច និងមានលុយវាល់លានដុល្លារ ជាមនុស្សឆ្លាត។ ដូច្នេះសូមបងប្អូនកម្មករកុំបារម្ភថា លោក ដូណាល់ ត្រាំ បិទសេដ្ឋកិច្ចដូចការលើកឡើងរបស់មនុស្សមួយចំនួន។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យលោកសាស្រ្តាចារ្យ អៀ សុផល ចាកចេញពីអាមេរិកទៅ ព្រោះចោទ ដូណាល់ ត្រាំ ថា ជាមនុស្សល្ងង់ ដោយលើកឡើងថា ជាការរះឡើងនៅភាពអវិជ្ជានៅសហរដ្ឋអាមេរិក។
សម្តេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខ ចំពោះការស្លាប់ក្រុមកីឡាកររបស់ប្រេស៊ីល ក្នុងករណីធ្លាក់យន្តហោះ នៅកូឡំប៊ី។ សូមជូនពរដល់អ្នករងរបួសកំពុងព្យាបាលឲ្យឆាប់ជា។