FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អ្នកវិនិយោគិនចិន មានជំនឿទុកចិត្ត និងបានទទួលស្គាល់ថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពិតជាល្អ ហើយពួកគេពិតជាចាប់អារម្មណ៍ ក្នុងការមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូធុរកិច្ចចិនលោក តុង វិនពាវ (Dong Wenbiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមឲ្យដឹងថា នេះគឺជាវេទិកាធុរកិច្ចកម្ពុជាចិនលើកទី១ ជាប្រវត្តិសាស្រ្តដែលបានរៀបចំឡើង ដោយក្រុមហ៊ុន CMIG, LYP Group ដែលសហការ ជាមួយស្ថានទូតចិនប្រចាំកម្ពុជាព្រមជាមួយការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា និងពីរដ្ឋាភិបាលចិន ដើម្បីបង្ហាញអោយអ្នកវិនិយោគិនចិនយល់ដឹង និងបានឃើញនូវសក្តានុពលទាំង ឡាយក្នុងការមកវិនិយោគនៅកម្ពុជាប្រកបដោយភាពកកក់ក្តៅ និងជំនឿទុកចិត្ត។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមធុរកិច្ចចិន និងក្រុមហ៊ុននានា និងក្រសួងពាក់ ព័ន្ធទាំងអស់ដែល បានខិតខំរៀបចំអោយមានវេទិការធុរកិច្ចកម្ពុជាចិននេះឡើង យើងសង្ឃឹមថានឹងមាន អ្នកវិនិយោគទុនចិនជាច្រើនថែមទៀត មកបណ្តាក់ទុននៅកម្ពុជា។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន ជួបលោក លោក Dong Wenbiao ចំនួន ២ ដងរួចមកហើយ រួមទាំង កំឡុងពេលដែលលោកចុះមកទស្សនកិច្ច នៅកម្ពុជាកាលពីខែ កញ្ញា ឆ្នាំ ២០១៦ កន្លងមកនេះ ហើយបានពិភាក្សាការគ្នា ជាបន្តបន្ទាប់អំពីការរៀបចំឲ្យមានវេទិការធុរកិច្ចកម្ពុជាចិននាពេលនេះ៕