FN ៖ នៅរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានពន្យល់រួចហើយ អំពីការផ្ទេរ ឬចម្លងពីផែនទីពីខ្នាត 1/100,000 មកផែនទីខ្នាត 1/50,000 បានបន្តពន្យល់ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈ Comment នៅលើ Facebook របស់ Fresh News ក្នុងអត្ថបទព័ត៌មាន៖ «ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង៖ គ្មានការស្នើកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរខ្នាតផែនទីនោះទេ, ផែនទីបោន ១/១០០០០០ នៅតែប្រើប្រាស់ដដែល» ដោយសម្តេចតេជោបានលើកឡើងថា «ការផ្ទេរ ឬចម្លងពីផែនទីនេះ ដើម្បីងាយស្រួលវាស់វែង, បើអស់លោកមិនយល់គួររៀនសូត្របន្ថែម ឬស្វែងយល់បន្ថែមទើបជាការល្អ ដើម្បីជៀសវាង ការលើកយោបល់ ដោយឆោតល្ងង់ ឬបង្កជម្លោះ»។ សម្តេចតេជោ បានបញ្ជាក់ថា មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000 ដដែល។
សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ Comment នៅលើ Facebook របស់ Fresh News ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖
បើអស់លោកមិនយល់គួររៀនសូត្របន្ថែម ឬស្វែងយល់បន្ថែមទើបជាការល្អ ដើម្បីជៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000ដដែល។ ការផ្ទេរផែនទី ឬចម្លងផែនទី ឬពង្រីកផែនទី ពីខ្នាត1/100,000 មកផែនទីខ្នាត 1/50,000 ជាបញ្ហាបច្ចេកទេសសម្រួលឱយការវាស់វែង និងបោះបង្គោលព្រំដែនឱយបានត្រឹមត្រូវប៉ុណ្ណោះ។ ក្នុងករណីយសង្ស័យឬមិនច្បាស់ឬបកស្រាយខុសគ្នា ត្រូវតែវិលទៅយកផែនទីខ្នាត1/100,000 ធ្វើជាមូលដ្ឋានវិញ។ ដូចនេះរដ្ឋធម្មនុញ្ញដែលចែងពីខ្នាតផែនទីមិនត្រូវបានប៉ះពាល់ដូចមនុស្សខ្លះលើកឡើងនោះទេ។
ដើម្បីងាយយល់ថា ហេតុអ្វីទើបមានតម្រូវការផ្ទេរ ឬចម្លង ឬពង្រីកផែនទីពីខ្នាត 1/100,000 មកផែនទីខ្នាត 1/50,000 សូមបងប្អូនយកផែនទី ធម្មតាទាំង២ប្រភេទមកមើលនិងឃើញថា ផែនទីខ្នាត 1/100,000 ពិបាករកគោលដៅណាស់ ព្រោះ១ស.ម លើផែនទីស្មើ១០០០ម៉ែត្រលើដីជាក់ស្តែង។ ឯផែនទីខ្នាត 1/50,000 ១ស.ម លើផែនទីស្មើ៥០០ម៉ែត្រលើដី ជាក់ស្តែងហើយមាននិយាមការទៀតផង ដូចនេះងាយស្រួលក្នុងការរកចំណុចបោះបង្គោលព្រំដែនឱយ បានត្រឹមត្រូវ។ សង្ឃឹមថា អ្នកមិនយល់រៀនឱយយល់ចាំ និយាយទើបងាយនិយាយគ្នាដែលត្រូវ ការពារជាតិដូចគ្នា។
ការបញ្ចេញ Comment របស់សម្តេចនាពេលនេះ ធ្វើឡើងបន្ទាប់ពី ព្រះអង្គម្ចាស់ ធម្មិកោ បានសរសេរនៅលើ Facebook របស់ព្រះអង្គថា «ការប្រើប្រាស់ផែនទី ថ្មីខ្នាត ១/៥០០០០ ជាការផ្ទុយមាត្រា២ នៃរដ្ឋធម្មនុញ្ញយើង ដែលចែងអោយយើងប្រើផែនទីខ្នាត ១/១០០០០០»។ ព្រះអង្គបន្ថែមថា «បើយើងធ្វើវិសោធនកម្ម មាត្រា២ នៃច្បាប់រដ្ឋធម្មនុញ្ញយើងទទួលស្គាល់ថា សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ស្របច្បាប់ហើយ ស្មើនិងកាត់កោះត្រល់ឲ្យទៅយួនជាស្ថាពរ»។
ពាក់ព័ន្ធនឹងលើកឡើងនេះប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែការពារទឹកដីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «បើអស់លោកមិនយល់ គួររៀនសូត្របន្ថែម ឬស្វែងយល់បន្ថែមទើបជាការល្អ ដើម្បីជៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ, មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000 ដដែល»។
នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ក៏បានពន្យល់ថា អ្នករិះគន់ទាំងនោះមិនមានការយល់ដឹងអំពីរឿងផែនទីខ្មែរច្បាស់លាស់ទេ។ លោកបានបន្ថែមថា កន្លងមករាជរដ្ឋាភិបាល បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីការផ្ទៀងផ្ទាត់ផែនទី ដែលមើលទៅដូចគ្នាទាំងអស់ ទាំងផែនទីខ្មែរដែលផ្តល់ឱ្យ ដោយប្រទេសបារាំង អាមេរិក និងអង់គ្លេស។ ចំណែកផែនទី UTM គឺជាផែនទីដែលផ្តល់ចំណុច និងតម្រុយច្បាស់ជាងផែនទីបោន។
សូមជំរាបថា កាលពីសប្តាហ៍មុន ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ក្រៅកិច្ចប្រជុំ CLV នៅខេត្តសៀមរាប ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពគ្នាស្នើទៅរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញ ដើម្បីឱ្យជួយពង្រីកពីផែនទី បោនខ្នាត ១/១០០០០០ មកផែនទី UTM ខ្នាត ១/៥០០០០ វិញ ដើម្បីងាយស្រួលក្នុងការរកចំណុចក្នុងការ បោះបង្គោលព្រំដែនដែលនៅសេសសល់។
កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនចំនួន៣១៤បង្គោល។ គណៈកម្មការព្រំដែន បានអះអាងថា គិតរហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែនបានចំនួន ៨៣ភាគរយហើយ។ ប៉ុន្តែនៅប្រមាណ១៧ភាគរយទៀត មិនទាន់ត្រូវបានបោះនៅឡើយទេ ដែលភាគីទាំងពីរកំពុងរកដំណោះស្រាយបន្ត៕