FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងអភិវឌ្ឍធនធានមនុស្សលើវិស័យអធិការកិច្ច ដើម្បីឆ្លើយតបនឹង ល្បិចជនខិលខូចនាពេលបច្ចុប្បន្ននេះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោក ផាន់ វ៉ាន់ស៊ាវ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ក្រោយបញ្ចប់កិច្ចជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ ទស្សនកិច្ចរបស់ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម ហើយសម្តេចបានគាំទ្រដល់កិច្ចសហប្រតិបត្តិការ របស់អធិការកិច្ចនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ជាពិសេសជំរុញ អភិវឌ្ឍធនធានមនុស្ស លើវិស័យអធិការកិច្ច ដើម្បីឆ្លើយតបទៅនឹងល្បិចរបស់ជនខិលខូច។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក ផាន់ វ៉ាន់ស៊ាវ ក៏បានដឹកនាំប្រតិភូចូលពិភាក្សាការងារជាមួយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជាផងដែរ។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមទៀតផង៕